អគ្គនាយកដ្ឋានកាំកុងត្រូល បើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីលើការងារអនុវត្តច្បាប់

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០២:៣០ នាទី យប់

👁 19

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ក្នុងទិសដៅលើកកម្ពស់សមត្ថភាពមន្ត្រី លើការងារអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលជាសេនាធិការក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា យន្តការនៃការផ្តល់កិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងមានការចូលរួមពីប្រធាន និងមន្ត្រីសាខាកាំកុងត្រូល ប្រចាំរាជធានី-ខេត្ត ប្រមាណ ១៩០នាក់។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាពិសេសការចងក្រងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សំដៅបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្មជាតិ និងលើកស្ទួយប្រសិទ្ធភាពតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដែលជានគរបាលយុត្តិធម៌។

ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានស្នើដល់មន្ត្រីដែលជាសិក្ខាកាមទាំងអស់ ប្រឹងប្រែងយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ពីវគ្គបណ្តុះបណ្តាលថ្ងៃនេះ ដើម្បីទុកជាពុទ្ធិសម្រាប់យកទៅអនុវត្តការងារជាក់ស្តែង និងជួយផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ក៏ដូចជា​ភាគីពាក់ព័ន្ធនានា ឱ្យបានជ្រាបកាន់តែច្បាស់ អំពីខ្លឹមសារនៃច្បាប់ថ្មីៗ ព្រមទាំងតួនាទី និងភារកិច្ចស្នូល របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅក្នុងបរិបទថ្មី។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ