ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» រៀបចំដោយក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council)

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:២១ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(បាងកក)៖ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មបានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសិក្ខាសាលាស្ដីពី «បញ្ហា​ប្រឈម​នៃកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា(Thailand-CambodiaBusiness Council) នៅ​ទីក្រុង​បាងកក ប្រទេសថៃដោយសិក្ខាសាលានេះមានការចូលរួមពីធុរជនថៃចំនួនប្រមាណ ៤០០នាក់មកពីក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក្រុមហ៊ុន។


ថ្លែងក្នុងសុន្ទរកថាគន្លឹះនាពេលនោះឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូន​អំពីវឌ្ឍន​ភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមនៅកម្ពុជាជាពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់ ៧,១% ក្នុង​រយៈពេល​ពីរទស្សវត្សចុងក្រោយការកើនឡើងនៃចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជា ក៏​ដូច​ជា​កំណើនដ៏ឆាប់រហ័សនៃការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងនោះរួម​មាន​ការវិនិយោគ​ដោយ​ក្រុម​ហ៊ុន​ថៃ​ផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាដើម្បីពង្រីកកំណើន និងទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រជាច្រើន រួម​មាន​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ដែលសង្កត់ធ្ងន់លើការធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ក៏ដូចជាពង្រឹង​សមត្ថភាពរបស់​កម្ពុជាក្នុង​ការជំរុញ​សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ជាពិសេសគាំទ្រ​ដល់ទីផ្សារ​ដែល​មានស្រាប់ ហើយក្នុងពេលតែមួយបង្កើតទីផ្សារថ្មីពង្រឹងមូលដ្ឋាន​នាំចេញ​តាមរយៈ​ការ​រៀបចំ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំណើនដោយចីរភាពដោយកាត់​បន្ថយ​ការ​​ពឹងផ្អែកលើការផ្ដល់នូវភាពអនុគ្រោះពន្ធគយ​ជាឯកតោភាគី។ជាមួយនោះផងដែរ តាមរយៈគោល​នយោបាយ​អភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល​ក៏មាន​គោលដៅ​ជាស្រេច​ក្នុង​ការ​ប្រែក្លាយឧស្សាហកម្មកម្ពុជាពីការពឹកផ្អែកលើពលកម្មគ្មានជំនាញមកជាឧស្សាហកម្ម​ដែល​មាន​ជំនាញខ្ពស់នៅឆ្នាំ២០២៥។ ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ក៏មានយុទ្ធ​សាស្ត្រ​សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលសង្កត់ធ្ងន់​លើការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់កម្ពុជានិងទាញយកប្រយោជន៍ពីប្រភពនៃ​កំណើនថ្មីរួម​ទាំង​បដិវត្ត​ឧស្សាហកម្ម​ទី៤ ជាដើម។


ទាក់ទងនឹងការវិនិយោគ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងអំពាវនាវឲ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឲ្យបាន​រឹតតែច្រើនឡើងនៅប្រទេសកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាប​ជូនអំពី​គោល​នយោបាយលើកទឹកចិត្តជាច្រើនរបស់កម្ពុជារួមទាំង​វិធាន​ការថ្មីៗ​ដែល​រាជរដ្ឋាភិបាល​បានដាក់ចេញដើម្បីសម្រួលបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់​បន្ថយចំណាយប្រតិបត្តិការមួយចំនួននិងកសាងរចនាសម្ព័ន្ធចាំបាច់សម្រាប់ធុរកិច្ច រួមមាន​ថាមពល ហិរញ្ញវត្ថុលិខិតបទដ្ឋានគតិយុត្ត ។ល។ សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យ​មាន​សក្ដានុពលរួមមានកសិ-ឧស្សាហកម្មកែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និង​វិស័យមួយចំនួនទៀតដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់។


ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនថៃតាមរយៈក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចូល​រួម​ឲ្យ​បានពេញលេញនៅក្នុងវេទិការដ្ឋាភិបាលនិងវិស័យឯកជន ក្រោម​អធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដែលត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០២០ ខាងមុខនេះដើម្បីលើកជាកង្វល់ និងបញ្ហាប្រឈមនានា។


ក្រៅពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលានាពេលនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ទទួលជួប​សម្តែង​ការ​គួរ​សមនិងពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗ របស់ថៃមួយចំនួនទៀតផងដែរ ដើម្បី​​ផ្សព្វផ្សាយ​បន្ថែមពីកាលានុវត្តភាពបរិយាកាសធុរកិច្ច និងស្វែង​យល់អំពី​កិច្ច​សហប្រតិបត្តិ​ការ​លើវិស័យផ្សេងៗ។សូមបញ្ជាក់ថាក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​កម្ពុជា និងថៃ មានទំហំ ៩ប៊ីលានដុល្លារអាមេរិក។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ