សេចក្តីប្រកាសព័ត៌មាន ស្ដីពី នីតិវិធីនៃការព្យួរជាបណ្តោះអាសន្ន នូវសម្បទានពន្ធចំពោះមុខទំនិញមួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»
ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៦:៥៤ នាទី ល្ងាច
👁 0
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួន ក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។
សេចក្ដីនៃលិខិតនេះ បានគូសបញ្ជាក់អំពីមុខទំនិញចំនួន៤០ (សែសិប) មុខនៃបន្ទាត់ពន្ធ ៦ (ប្រាំមួយ) ខ្ទង់ ដែលផលិតនៅកម្ពុជាហើយមានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនោះ នៅសល់មុខទំនិញប្រមាណជាង ៩.០០០ (ប្រាំបួនពាន់) មុខទៀត នៅតែទទួល បានភាពអនុគ្រោះពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក្នុងគោលបំណងបន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។
តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០ មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើ ទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ (ពីរ)ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ (ពីរ)ខែបន្ថែមទៀត ដើម្បីធ្វើការពិចារណា។