ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៨:១៧ នាទី យប់
👁 0
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ តំណាងរបស់ ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី“ការនាំចេញផលិតផលសក្តានុពលលើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងវៀតណាម ទៅកាន់ទីផ្សារជប៉ុន និងខ្សែសង្វាក់សាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ (ExportPotential from Cambodia, Lao PDR, Myanmar and Viet Nam (CLMV) to Japan andGlobal Value Chain in the Textile and Clothing Industry)” ដោយសិក្ខាសាលានេះសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្មនិងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងផ្តល់នូវចំណេះដឹងនិងស្វែងយល់ពីអត្ថប្រយោជន៍នៃខ្សែសង្វាក់ជាសាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ និងការប្រកួតប្រជែងផលិតផលនាំចេញរបស់ប្រទេសCLMV ទៅកាន់ទីផ្សារជប៉ុនក៏ដូចជាស្វែងយល់ពីនិន្នាការទីផ្សារនាពេលបច្ចុប្បន្ននៃវិស័យវាយនភ័ណ្ឌនៅជប៉ុន ដោយសិក្ខាសាលានេះមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៩០នាក់ អញ្ជើញចូលរួមក្នុងសិក្ខាសាលានានេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឡើងថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយមានសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានចូលរួមរបស់ លោក BANDO Shunsuke លោកសាស្រ្តាចារ្យវាគ្មិនពីប្រទេសCLMVសមាជិកនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ព្រមទាំងសិក្ខាកាមទាំងអស់ ដែលមានវត្តមានក្នុងសិក្ខាសាលានេះដោយ ឯកឧត្តម បានជម្រាបជូនពីមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយនឹងប្រទេសឡាវ មីយ៉ាន់ម៉ានិងវៀតណាម ក៏ដូចជាប្រទេសជប៉ុន មានមិត្តភាពជាយូរឆ្នាំកន្លងមក ព្រមទាំងមាននូវចម្រៀង និងមានការផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មរវាងប្រទេស CLMV ផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៨មានទំហំទឹកប្រាក់ប្រមាណជាង ១,៥៨៨ លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្តានុពលមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើងខ្សែអ៊ីសូឡង់ និងបរិក្ខាអគ្គីសនី។ល។ ឯកឧត្តម ក៏បានជម្រាបជូនពីគម្រោងវិនិយោគរបស់ជប៉ុនចំនួន១៣៧គម្រោង ក្នុងទុន វិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនីនិងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្មការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ឯកឧត្តម ក៏បានបន្ថែមទៀតថាការអភិវឌ្ឍនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោកដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។
ជាកិច្ចបន្ទាប់ លោក BANDO Shunsuke ប្រធានផ្នែកស្រាវជ្រាវ និងវិភាគគោលនយោបាយនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ឡើងថ្លែងសុន្ទរកថា ដោយមានការយកចិត្តទុកដាក់និងសហការរៀបចំសិក្ខាសាលាពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើតសិក្ខាសាលានាព្រឹកនេះឡើងដោយរលូន។ លោកបានបន្តលើកឡើងថាប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាលនៃតំបន់អាស៊ានដោយមានអំណោយផលដល់ការវិនិយោគ ព្រមទាំងមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធទន់និងរឹង ក្នុងការជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ លោកក៏បានគូសបញ្ជាក់ថាសិក្ខាសាលានេះនឹងផ្តល់ឱកាសដល់សិក្ខាកាម បានយល់ដឹងអំពីបញ្ហាប្រឈមនិងឱកាសវិនិយោគនៃឧស្សាហកម្មវាយនភ័ណ្ឌនៅ CLMVទៅកាន់ប្រទេសជប៉ុនឱ្យកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំដើម្បីបង្កើននូវខ្សែសង្វាក់ផលិតកម្មនាំចេញទៅប្រទេសជប៉ុនក្នុងបរិយាកាសចែករំលែកព័ត៌មាន និងជំនួបពិភាក្សា សម្រាប់ស្វែងរកនូវយុទ្ធសាស្រ្តល្អៗក្នុងចំណោមប្រទេសCLMV។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣