ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:០៣ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន បានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី “ការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជា”ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យគុណភាពសុវត្ថិភាព ផលិតផល និងសេវាកម្ម និងគណៈកម្មាធិការកូដិចជាតិ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈ និងឯកជន ដែលទាក់ទងនឹងវិស័យកសិកម្ម បរិស្ថានពាណិជ្ជកម្ម និងឧស្សាហកម្ម សរុប ៤០នាក់។
នៅក្នុងឱកាសបើកសិក្ខាសាលា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា សិក្ខាសាលាថ្នាក់ជាតិនេះនឹងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រី ស្ថាប័នពាក់ព័ន្ធ ឱ្យបានស៊ីជម្រៅពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការកូដិចជាតិ ដើម្បីជំរុញការចូលរួមរបស់កម្ពុជាឱ្យបានសកម្ម និងមានប្រសិទ្ធភាពនៅក្នុងដំណើរការរៀបចំអភិវឌ្ឍន៍ស្តង់ដារគុណភាព និងសុវត្ថិភាពម្ហូបអាហារ។តម្លៃស្នូលនៃកូដិច គឺការបង្កើតស្តង់ដារលើមូលដ្ឋានវិទ្យាសាស្រ្ត និងសមស្របតាមគោលបំណងប្រើប្រាស់ ដោយឈរលើទស្សនៈ ប្រកបដោយបរិយាប័ន្ន កិច្ចសហការ ការឯកភាពនិងតម្លាភាព។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលដៅយុទ្ធសាស្រ្តបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច លើកកម្ពស់ឧត្តមភាព និងជំរុញនវានុវត្តន៍ដែលក្នុងនោះ ការបន្តជំរុញ ការរៀបចំស្តង់ដារទំនិញ សេវានិងការគ្រប់គ្រងការលើកកម្ពស់គុណភាព គឺជាគោលនយោបាយ អាទិភាព។
ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថាកម្ពុជាបានចូលរួមកម្មវិធីកូដិចជាតិយ៉ាងសកម្ម តាមរយៈការបង្កើតឱ្យមានចំណុចទំនាក់ទំនងកូដិចជាតិ(NationalCodex Contact Point) ដើម្បីផ្សារភ្ជាប់ក្នុងការធ្វើទំនាក់ទំនងជាមួយលេខាធិការដ្ឋានកូដិចដើម្បីទទួល និងចែកចាយរាល់ព័ត៌មាន ឬឯកសារកូដិចដល់ស្ថាប័ន និងភាគីពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាការបញ្ជូនប្រតិភូកម្ពុជាទៅចូលរួមពិភាក្សាក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួន របស់គណៈកម្មាធិការកូដិច។ទោះជាយ៉ាងនេះក៏ដោយ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិតទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិ ទាំងនៅក្នុងក្របខ័ណ្ឌកូដិចអន្តរជាតិដែលចំបាច់ត្រូវតែពង្រឹង ដើម្បីធានាបាននូវការយល់ដឹងនិងការចូលរួមប្រកបដោយប្រសិទ្ធភាព ទាំងការគ្រប់គ្រងនិងទាំងការងារបច្ចេកទេសវិទ្យាសាស្រ្ត។ ការផ្សារភ្ជាប់គ្នារវាងពាណិជ្ជកម្មនិងសុវត្ថិភាពម្ហូបអាហារ អាចត្រូវបានបង្ហាញច្បាស់ណាស់ នៅក្នុងកិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ (SPS) របស់អង្គការពាណិជ្ជកម្មពិភពលោក។កិច្ចព្រមព្រៀងនេះធានាថា លក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារគឺផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងសមស្របទៅតាមគោលបំណងប្រើប្រាស់។តាមរយៈនេះ ស្តង់ដារកូដិច ត្រូវបានទទួលស្គាល់ដោយកិច្ចព្រមព្រៀង SPS យ៉ាងច្បាស់ ហើយវាក៏ពាក់ព័ន្ធសម្រាប់វិធានការទាក់ទងនឹងម្ហូបអាហារ ក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក ស្តីពីរបាំងបច្ចេកទេសពាណិជ្ជកម្ម។ ដូច្នេះ ការរៀបចំអភិវឌ្ឍន៍ស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិឬស្តង់ដារកូដិច ក៏ដូចជាស្តង់ដារសុខភាពរុក្ខជាតិ និងសុខភាពសត្វ ដោយផ្អែកលើកិច្ចព្រមព្រៀងអនាម័យនិងភូតគាមអនាម័យ (SPS) គឺជាការចាំបាច់សម្រាប់ការទទួលបានអត្ថប្រយោជន៍នៃពាណិជ្ជកម្មម្ហូបអាហារនិងដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា សិក្ខាសាលាដែលមានរយៈពេលបីថ្ងៃ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០នេះ នឹងផ្ដល់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាច្រើនពីវាគ្មិន និងបានពិភាក្សាគ្នា ដើម្បីស្វែងយល់ពីបញ្ហា និងយន្តការដោះស្រាយលើបញ្ហាប្រឈមនានា នៅក្នុងកូដិចជាតិក្នុងគោលបំណងជំរុញការចូលរួមរបស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងវិស័យអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហារអន្តរជាតិ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣