ឯកឧត្តម សុខ សុភ័ក្ត្រ ដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia)

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០១:៤៩ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(ភ្នំពេញ)៖ ឯកឧត្ដម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានអ្នកអញ្ជើញចូលរួមមកពីអន្តរក្រសួង និងដៃគូរអភិវឌ្ឍន៍ដូចជាសហភាពអ៊ឺរ៉ុប ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និង GIZ សរុបប្រមាណជា ២៥នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ សុភ័ក្រ្ត បានជម្រាបដល់អង្គប្រជុំថាគម្រោង មានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដែលមានថវិកាគម្រោងសរុបប្រមាណជា EUR 9,350,000 ។ គម្រោងមានគោលបំណងគាំទ្រការតភ្ជាប់ និងការធ្វើសមាហរណកម្មពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសអាស៊ានឲ្យកាន់តែធំទូលាយ និងប្រសើរឡើងតាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន AEC Blueprint 2025 ។ 

នៅក្នុងកិច្ចប្រជុំបានពិភាក្សាអំពីផែនការការងារដែលបានអនុវត្តហើយចាប់ពីពេលចាប់ផ្ដើមមក និងការមួយចំនួនទៀតដែលនឹងត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២០។ នៅក្នុងនោះដែរ គណៈកម្មការបានសម្រេច និងអនុម័យបង្វែរថវិកាមួយចំនួន ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រីកប្រព័ន្ធរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម និងការនាំចេញនាំចូលទំនិញ ដោយវិស័យឯកជន។

ជាកិច្ចចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យក្រុមការងារអនុវត្តគម្រោង ជំរុញការងារគម្រោងឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បានជូនជាអនុសាសន៍បន្ថែមថា ផែនការការងាររបស់គម្រោងត្រូវរក្សាទុកជាផែនការរស់រវើក ដើម្បីអនុវត្តទៅលើសកម្មភាពអាទិភាពដែលអាចកើតឡើងភ្លាមៗ និងមិនបានត្រៀមទុកជាមុន ជាកិច្ចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រាជរដ្ឋាភិបាល និងដៃគូទាំងអស់។

សូមជម្រាបជូនថា គម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា មានសមាសភាគបីសំខាន់ៗគឺ៖
- សមាសភាគទី១៖ ការពង្រឹងប្រព័ន្ធគយ កិច្ចសម្រួលពាណិជ្ជកម្ម និងបទដ្ឋានពាក់ព័ន្ធនានា ជាពិសេសអនុលោមទៅ តាមយុទ្ធសាស្រ្តកំណែទំរង់ និងទំនើបភាវូបនីយកម្មប្រព័ន្ធគយ (SCRM 2019-2023)។
- សមាសភាគទី២៖ ការពង្រឹងសមត្ថភាពស្ថាប័ន និងកែលម្អការអនុវត្តបទប្បញ្ញត្តិនានាដើម្បីធ្វើឱ្យមាននូវតម្លាភាពអាចព្យាករណ៍បាន និងបរិយាកាសពាណិជ្ជកម្មប្រកួតប្រជែង។
- សមាសភាគទី៣៖ ការផ្សាភា្ជប់ជាមួយវិស័យឯកជនតាមរយៈការលើកកម្ពស់និងជំរុញនូវការចូលរួមពីវិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម និងការត្រៀមលក្ខណៈ សម្រាប់តំបន់សេដ្ឋកិច្ចតែមួយរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ