មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចូលរួមបើកសិក្ខាសាលា ដើម្បីជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងកិច្ចជំនួបពាណិជ្ជកម្មនៅកម្ពុជា

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ០៥:៥៩ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ តំណាងរបស់ ឯកឧត្តម ប៉ាន  សូរស័ក្តិ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  ឯកឧត្តម ប៊ុន ចន្ធី  អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី “Cambodia-Japan IT/Software Outsourcing Trade Promotion and business meeting” ដោយសិក្ខាសាលានេះ សហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងផ្តល់ឱកាសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជាឱ្យបានយល់ដឹងកាន់តែប្រសើរឡើងពីឧស្សាហកម្មបច្ចេកវិទ្យា Software របស់ជប៉ុន ក៏ដូចជាដើម្បីលើកកម្ពស់កិច្ចសន្ទនា និងជំនួបពាណិជ្ជកម្មរវាងក្រុមហ៊ុន និងសហគ្រាសកម្ពុជា-ជប៉ុន ដោយសិក្ខាសាលានេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៧៣នាក់ អញ្ជើញចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឡើងថ្លែងសុន្ទរកថាបើកសិក្ខាសាលា ដោយមានសេចក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានចូលរួមរបស់ លោក Yasushi Ishida វាគ្មិនជាតិ-អន្តរជាតិ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលមានវត្តមានក្នុងសិក្ខាសាលានេះ។ ឯកឧត្តម បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៩ មានទំហំទឹកប្រាក់ប្រមាណជាង ២,២៩២ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនមានចំនួនទឹកប្រាក់ជាង ១,៧២៩ លានដុល្លារ និងកម្ពុជានាំចូលពីជប៉ុនមានទំហំទឹកប្រាក់ជាង ៥៦២ លានដុល្លារ។ ឯកឧត្តម ក៏បានជម្រាបជូនពីគម្រោងវិនិយោគរបស់ជប៉ុន នៅក្នុងឆ្នាំ២០១៩ មានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ 

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយ ឌីជីថល ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០) ដែលសំដៅលើការអភិវឌ្ឍបច្ចេកវិទ្យាជឿនលឿនមួយចំនួនដូចជា ការបោះពុម្ភ 3D បច្ចេកវិទ្យាមនុស្សយន្ត  បច្ចេកវិទ្យាជីវសាស្ត្រ ការគណនាធំៗ និងស្មុកស្មាញ ទំនើបកម្មលើបណ្ដាញទូរគមនាគមន៍ និងចំណេះធ្វើថ្មីៗ អំពីការគ្រប់គ្រងផលិតកម្ម។ ឧស្សាហកម្ម ៤.០ ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា និងវិស័យផ្សេងៗទៀត ជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព និងអត្ថប្រយោជន៍ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ច ដោយមានការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។ 

ជាកិច្ចបន្ទាប់ លោក Yasushi Ishida តំណាងពីមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានឡើងថ្លែងសុន្ទរកថា ពីការបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដែលមានសមាជិកអាស៊ានចូលរួម ក្នុងគោលបំណងបង្កើតឱ្យមាន សិក្ខាសាលា វគ្គបណ្តុះបណ្តាល ការពង្រឹងសមត្ថភាព ទំនាក់ទំនង និងការសិក្សាតាមប្រទេសនីមួយៗ នៅក្នុងបណ្តាសមាជិកអាស៊ាន។ លោក ក៏បានបន្ថែមទៀតថា ការបង្កើតឱ្យមានសិក្ខាសាលានាថ្ងៃនេះ មានកិច្ចសហការជាក្រសួងពាណិជ្ជកម្ម បានជំរុញ និងគាំទ្រក្នុងការរៀបចំសិក្ខាសាលានេះ ដោយជោគជ័យ និងមានអត្ថប្រយោជន៍ដល់សិក្ខាកាមពីបណ្តាលក្រុមហ៊ុនព័ត៌មានវិទ្យា ដោយផ្តោតសំខាន់ទៅលើការជំរុញវិស័យព័ត៌មានវិទ្យានៅក្នុងប្រទេសកម្ពុជា ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ក្នុងការជំរុញបច្ចេកវិទ្យាព័ត៌មាននៃបដិវត្តន៍ឆ្ពោះទៅកាន់ បដិវដ្តឧស្សាហកម្មទី ៤ (ឧស្សាហកម្ម ៤.០)។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ