ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៣:២៤ នាទី រសៀល
👁 0
(កំពត)៖ ដើម្បីពង្រឹង និងពង្រីកផលិតកម្មម្រេចកំពត ក៏ដូចជាការទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញម្រេចកំពតកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មម្រេច នៅចម្ការម្រេចកំពតរបស់ក្រុមហ៊ុន ឡាផ្លង់តាស្យុង (La Plantation) ស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វស្រុកទឹកឈូ ខេត្តកំពត។
បន្ទាប់ពីម្ចាស់ចម្ការបានបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្មម្រេចរួចឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់ចម្ការម្រេចកំពតដែលបានបង្កើតរោងចក្រកែច្នៃម្រេចដ៏ធំមួយនេះ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាននិងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ចំនួន ៥ម៉ឺន ទៅ ៦ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ឡា ផ្លង់តាស្យុង ក៏បានជួយទិញម្រេចរបស់ប្រជាកសិករចំនួន២១ គ្រួសារ ដែលជាសមាជិកសមាគមម្រេច ចំនួន ១ ៤៦៧គីឡូក្រាម នៅក្នុងឆ្នាំ២០១៩ សម្រាប់ធ្វើការនាំចេញទៅបណ្តាប្រទេសចំនួន៣៧ប្រទេស នៅសហគមន៍អឺរ៉ុប។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កសិករ ផលិតករសហគមន៍ សមាគម និងក្រុមហ៊ុន ផលិតម្រេចកំពត ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុកម្រេចកំពតដូចជា ការផលិតមានអនាម័យខ្ពស់ វេចខ្ចប់ រក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពត កាន់តែមានភាពល្បីល្បាញលើទីផ្សារក្នុងស្រុកនិងក្រៅប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យក្រុមហ៊ុន ឡា ផ្លង់តាស្យុង បន្តជួយទិញម្រេចពីប្រជាកសិករឱ្យបានកាន់តែច្រើនថែមទៀតនិងផ្សព្វផ្សាយពីគុណភាពម្រេចកំពតដល់អ្នកប្រើប្រាស់ និងពាណិជ្ជករបរទេស ឱ្យបន្តគាំទ្រម្រេចកំពតជាពិសេសជួយពង្រីកទីផ្សារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញម្រេចកំពតនៅបណ្តាប្រទេសសហគមន៍អឺរ៉ុប។
សូមជម្រាបថា នៅឆ្នាំ២០០៩ ផ្ទៃដីដាំម្រេចកំពតមានចំនួន ៩,៤៥ ហិកតា ទទួលផលបាន ១៧,៣៩២តោន ហើយនៅឆ្នាំ២០១៩ ផ្ទៃដីដាំម្រេចកំពត កើនដល់២៩០,៩ ហិកតា ទទួលផលបាន ១២៦,៦៦០តោន។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣