ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០២:៤៥ នាទី រសៀល
👁 4
(សៀងហៃ, ចិន)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិនលើកទី២ គឺជាការបង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេសមកទីផ្សារចិន និងជាការជំរុញចលនាទៅមុខនៃសកលភាវូបពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ នាឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិនលើកទី២ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃ ប្រទេសចិន។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបភ្ញៀវជាតិ និងអន្តរជាតិ ដែលមានវត្តមាននៅក្នុងពិធីនេះថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏សំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្តរជាតិ រវាងប្រទេសចិន និងប្រទេសចូលរួមទាំងអស់នៅលើពិភពលោក។ ដោយឡែកការចូលរួមរបស់ប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា តាមរចនាបទខ្មែរសម័យចតុមុខនៅលើផ្ទៃដីទំហំ ២៥៦ ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិមានតុបតែងដាក់តាំងលម្អ ដោយរូបភាពនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងមានបញ្ជរដាក់តាំងផលិតផល និងសេវាកម្មដែលជាសក្តានុពលរបស់ប្រទេស ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗបន្ថែមទៀតចូលលមកប្រទេសកម្ពុជា។ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជា បានដឹកនាំក្រុមហ៊ុន ៣ គឺ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងសំណង់ទេសចរណ៍ ទៅចូលរួមផ្សព្វផ្សាយ និងស្វែងរកដៃគូវិនិយាគបន្ថែម។
ក្នុងកំឡុងពេលនៃការបំពេញបេសកកម្មនៅទីក្រុងសៀងហៃ ឯកឧត្តមរដ្ឋមន្រ្តី និងសមាជិកប្រតិភូបានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកក្រៅផ្លូវការ ដោយបានលើកយកបញ្ហាកំណែទម្រង់ប្រព័ន្ធរការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្ម និងការឧបត្ថម្ភធនជលផល យកមកពិភាក្សារកដំណោះស្រាយមុនការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ចកម្មលើកទី១២ នៅប្រទេសកាហ្សាក់ស្ថាន នៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ។ និងកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្រ្តី ក្នុងអំឡុងពេលអាហារថ្ងៃត្រង់ Lucheon ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ដើម្បីស្វែងរកយន្តការរួមមួយក្នុងការបង្កើតក្របខ័ណ្ឌពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគត ហើយបញ្ហានេះនឹងលើកយកទៅពិភាក្សាសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ជកម្មលើកទី១២ នៅប្រទេសកាហ្សាក់ស្ថាន ផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣