ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៤:៣៣ នាទី រសៀល
👁 0
(ភ្នំពេញ)៖កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជូនដល់វិស័យឯកជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្តរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានអនុគណៈកម្មការរៀបចំបទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី តំណាងគ្រឹះស្ថានហិរញ្ញវត្ថុសហគ្រាសធុនតូចនិងមធ្យម ពាណិជ្ជករ អាជីវករ និងក្រុមហ៊ុនឯកជននានាសរុប ៩៦ រូប។
ក្នុងឱកាសបើកសិក្ខាសាលានេះឯកឧត្តម សុខ សុភ័ក្រ្ត មានប្រសាសន៍ថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវការយល់ដឹងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានទូលំទូលាយដល់វិស័យឯកជនជាពិសេសបុគ្គលដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកដូចជាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ិនធឺណិត គ្រឹះស្ថានធនាគារនិងក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកក្រុមហ៊ុនដឹកជញ្ជូន និងបុគ្គលពាក់ព័ន្ធសំខាន់ៗផ្សេងទៀត។ក្រៅអំពីការផ្សព្វផ្សាយខ្លឹមសារទូទៅនៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីពីកំណត់ត្រាអេឡិចត្រូនិកនិងហត្ថលេខាអេឡិចត្រូនិកតំណាងធនាគារជាតិនៃកម្ពុជាស្តីពីការទូទាត់/ការផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនិងតំណាងអគ្គនាយកដ្ឋាពន្ធដារស្តីពីកាតព្វកិច្ចពន្ធ និងការលើកទឹកចិត្តសម្រាប់សហគ្រាសធុនតូចនិងមធ្យម។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្តទៀតថាដើម្បីអនុវត្តច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះឱ្យមានប្រសិទ្ធភាពក្រសួងពាណិជ្ជកម្មបាននឹងកំពុងរៀបចំនូវអនុក្រឹត្យស្តីពីការអនុវត្តច្បាប់នេះដែលនឹងកំណត់អំពីការលើកលែង ការកំណត់ប្រភេទអាជ្ញាបណ្ណ បែបបទ និងនីតិវិធីនៃការផ្តល់ការអនុញ្ញាតឬអាជ្ញាបណ្ណនិងប្រកាសរួមជាមួយនឹងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ស្តីពីក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ឯកឧត្តមរដ្ឋលេខាធិការមានជំនឿយ៉ាងមុតមាំថាសិក្ខាសាលានាថ្ងៃនេះនឹងជម្រុញនូវការយល់ដឹងអំពីសិទ្ធកាតព្វកិច្ចនិងការទទួលខុសត្រូវរបស់គ្រឹះស្ថាន ក្រុមហ៊ុន និងសហគ្រាសក្នុងការចូលរួមអនុវត្តច្បាប់និងបទប្បញ្ញតិពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅពេលដែលច្បាប់នេះចូលជាធរមាននៅក្នុងខែឧសភាឆ្នាំ២០២០ ខាងមុខនេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣