ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦ និងកិច្ចប្រជុំអាស៊ានស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៩:៣៤ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងដាណាង, វៀតណាម)៖ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្មតំណាង​របស់ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦និងកិច្ចប្រជុំអាស៊ាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ពីថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២០ និង​ទទួលបានលទ្ធផល ដូចខាងក្រោម៖ 

កិច្ចប្រជុំពិភាក្សាពេលរសៀល

កិច្ចប្រជុំបានពិភាក្សានិងអនុម័តនូវគន្លឹះសេដ្ឋកិច្ចជាអាទិភាពរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ២០២០ ដែលផ្តោតលើការងារសំខាន់ៗរួមមានជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងការតភ្ជាប់, ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅរបស់អាស៊ានជាមួយពិភពលោកដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់ការឆ្លើយតបនិងសមត្ថភាពស្ថាប័នរបស់អាស៊ាន។ កិច្ចប្រជុំក៏បានកត់សម្គាល់លើវឌ្ឍនភាពនៃកិច្ចការរៀបចំយុទ្ធសាស្រ្តស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ សម្រាប់អាស៊ាននិងបានណែនាំស្ថាប័នពាក់ព័ន្ធតាមវិស័យផ្តល់នូវធាតុចូលសម្រាប់ចងក្រងយុទ្ធសាស្រ្តដ៏មានសារៈសំខាន់​នេះ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៦(26th ASEANEconomic Ministers’ Retreat Meeting) ដឹកនាំដោយ ឯកឧត្តម Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងមានការចូលរួមពីរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងគណៈប្រតិភូដែលជាសមាជិកអាស៊ាន ព្រមទាំងអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំបានពិនិត្យលើគំនិតផ្តួចផ្តើមនិងអាទិភាពរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសម្រាប់ឆ្នាំ២០២០ និងពិចារណាលើអនុសាសន៍ ដើម្បីសម្រេចបាននូវគោលដៅ។ក្នុងកិច្ចប្រជុំនេះផងដែរឯកឧត្តម សុខ សុភ័ក្ត្រ ក៏បានជំរុញប្រទេសជាសមាជិកឲ្យពន្លឿនកិច្ចការនានាដែលនៅសេសសល់ដើម្បីរួមចំណែកសម្រួល និងលើកកម្ពស់វិស័យធុរកិច្ចក្នុងតំបន់។ កិច្ចប្រជុំក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើបញ្ហាសាកលថ្មីៗដូចជា ការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន បញ្ហាវីរុសកូវីដ ១៩ និងការសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តជាដើម។ ពាក់ព័ន្ធនឹងបញ្ហាវីរុសកូវីដ ១៩ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីបញ្ហាសន្តិសុខស្បៀង និងលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាលើបញ្ហានេះដោយកិច្ចប្រជុំបានឯកភាព និងបានអនុម័តនូវសេចក្តីប្រកាសស្តីពី ការពង្រឹងសេដ្ឋកិច្ចអាស៊ានដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យពាណិជ្ជកម្មក៏ដូចជាវិនិយោគផងដែរ។

កិច្ចប្រជុំអាស៊ាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP)

កិច្ចប្រជុំបានពិនិត្យនិងតាមដានវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង RCEP ស្របតាមអាណត្តិផ្តល់ឲ្យដោយប្រមុខដឹកនាំប្រទេសចូលរួមចរចាអាសិបទាំងអស់កាលពីកិច្ចប្រជុំកំពូលអាសិប លើកទី៣ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកកប្រទេសថៃ​កន្លងទៅ។ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ បាន
ឯកភាពក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងអាសិបនៅក្នុងឆ្នាំ២០២០នេះនិងបានជំរុញឲ្យក្រុមការងារសម្អាតអត្ថបទច្បាប់និងក្រុមការងារពាក់ព័ន្ធពន្លឿនការងាររបស់ខ្លួន ព្រមទាំងដោះស្រាយបញ្ហាសេសសល់ធ្វើយ៉ាងណាបញ្ចប់តាមកាលបរិច្ឆេទកំណត់ត្រឹមខែមិថុនា ឆ្នាំ២០២០​ខាងមុខ។ស្របពេលជាមួយគ្នានេះផងដែរ កិច្ចប្រជុំបានណែនាំឲ្យក្រុមការងារចរចាព្យាយាមធ្វើការជាមួយភាគីឥណ្ឌា ដើម្បីដោះស្រាយបញ្ហាសេសសល់របស់ឥណ្ឌាតាមដែលអាចធ្វើទៅបាន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ