ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន)

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៣:០៣ នាទី រសៀល

👁 3

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ដើម្បីពង្រឹង​ចំណេះដឹង បទពិសោធន៍ យុទ្ធសាស្ត្រ យុទ្ធវិធី និងគំនិតថី្មៗ និង​លើកកម្ពស់សមត្ថភាពមន្ត្រីរាជការវិស័យសេវាហិរញ្ញវត្ថុ និងវិស័យសេវាទូរគមនាគមន៍ ក៏ដូចជាអ្នកចរចាមកពី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធនាគារជាតិនៃកម្ពុជា និងក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជា​មួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) រៀបចំសិក្ខាសាលាពិភាក្សាជាក្រុម ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (វិធីសាស្ត្របញ្ជីអវិជ្ជមាន) “Focus Group Discussion for ATISA (Negative List Approach)” កាលពី​ថ្ងៃទី០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមគណៈអធិបតី ឯកឧត្តម ពេជ ឬទ្ធី អនុរដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកស្រីបណ្ឌិត Intan M. Ramli អ្នកស្រាវជ្រាវគោលនយោបាយរបស់វិទ្យាស្ថាន ERIA។

នៅក្នុងឱកាសនោះ ឯកឧត្តម ពេជ ឬទ្ធី បាន​មាន​ប្រសាសន៍ថា ដោយទទួលបានអណត្តិពីរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) និងផែនការលម្អិតសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ ដែលបានអនុម័តដោយប្រមុខដឹកនាំអាស៊ានទាំងអស់ កាលពីកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេសម៉ាឡេស៊ី ដែលបានបង្ហាញពីគោលបំណងរបស់អាស៊ាន ក្នុងការពង្រីក និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេវាកម្ម ដើម្បីជំរុញ​សមាហរណកម្មអាស៊ានទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មសកលោក និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសសមាជិកអាស៊ានលើវិស័យសេវាកម្មផងដែរ។ ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលត្រូវបានបញ្ចប់ការចរចាដោយជោគជ័យ និងបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី។ ប្រទេសសមាជិកអាស៊ានទាំងអស់ ត្រូវបានណែនាំឲ្យធ្វើការផ្ទេរតារាងសន្យាតាមវិស័យពីកញ្ចប់សន្យាចុងក្រោយរបស់ខ្លួន ជាបញ្ជីវិជ្ជមាន (Positive List) ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីសេវាកម្ម (AFAS) ទៅជាបញ្ជីអវិជ្ជមាន (Negative List) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA)។ ក្នុងនោះផងដែរ ប្រទេសសមាជិកអាស៊ានមួយចំនួន ក៏មានផលវិបាក ក្នុងការផ្ទេរតារាងសន្យាទៅជាបញ្ជីបដិលោម (Non-conforming measures) ជាពិសេសប្រទេសដែលមានការអភិវឌ្ឍតិចតួច ដូចជាកម្ពុជា ដែលមិនធ្លាប់មានបទពិសោធន៍ពីមុនមក និងបញ្ហាធនធានមនុស្សនៅមានកម្រិតផងដែរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់មន្រ្តីចូលរួមទាំងអស់ ប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងពីអ្នកជំនាញ ដោយចូលរួមស្តាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកជំនាញការធ្វើការពន្យល់បកស្រាយ ព្រមទាំងចូលរួមសួរសំណួរឲ្យបានសកម្ម នៅក្នុងសិក្ខាសាលានេះផងដែរ។ ឯកឧត្តមរំពឹងយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងជួយដល់មន្ត្រីរបស់យើងបន្តរៀនសូត្រ និងធ្វើការយ៉ាងជិតស្និត ដើម្បីផលប្រយោជន៍របស់ប្រទេសយើង។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់រដ្ឋាភិបាលជប៉ុន វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) សម្រាប់ការបន្តគាំទ្រ និងសហការពង្រឹងសមត្ថភាពរបស់មន្ត្រីកម្ពុជា។

អត្ថបទ និងរូបភាព៖ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ