ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសមាគមជប៉ុន-កម្ពុជា

ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ម៉ោង ០៤:១៧ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាន​ទទួលជួប​ឯកឧត្តម តាកាហាស៊ីហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគម​ជប៉ុន-កម្ពុជា និងសហការី ដើម្បីពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីផលប៉ះពាល់មួយចំនួន​លើសេដ្ឋកិច្ច​កម្ពុជា ដែលបង្កដោយជំងឺកូវីដ១៩ជាពិសេសផលប៉ះពាល់ទៅលើរោងចក្រ និងកម្មករ។ តែថ្មីៗនេះ វត្ថុធាតុដើមមួយចំនួនត្រូវបានបញ្ជូនមកដល់ដោយមិត្តចិនហើយជា​មួយ​នោះ​ដែរ រោងចក្រមួយចំនួនក៏បានចាប់ផ្ដើមដំណើរការឡើងវិញ។ ក្រៅពីនោះកម្ពុជាក៏កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រពង្រឹងវិស័យសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតរួមមានការធ្វើឲ្យ​ប្រសើរ​ឡើង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ផលិតកម្មនិងពិពិធកម្មទីផ្សារ និងផលិតផល។

 

ជាកិច្ចឆ្លើយតប ឯកឧត្តម ហ្វូមីអាគីបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបាន​ទទួល​ជួបគណៈ​ប្រតិភូរបស់សមាគម​ជប៉ុន-កម្ពុជា នាពេលនេះ ហើយបានជម្រាប​ជូនអំពី​លទ្ធផល​ដ៏ល្អប្រសើរនៃដំណើរទស្សនកិច្ចរបស់ក្រុមធុរជនជប៉ុនដែលសមាគមជប៉ុន-កម្ពុជា បាន​ដឹក​នាំ​មកកម្ពុជា កាលពីខែធ្នូឆ្នាំ២០២០ កន្លងទៅ។ ដោយ​មាន​ការគាំទ្រ​ខ្លាំង​កាលពី​ឆ្នាំមុន សមាគម​ជប៉ុន-កម្ពុជា នឹងរៀបចំដំណើរទស្សនកិច្ចលើកទីពីរ នៅខែធ្នូ ឆ្នាំ២០២០ ខាង​មុខនេះ ដើម្បីផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជាជាគោលដៅវិនិយោគ និងមូលដ្ឋាន​ផលិត​សម្រាប់ផ្គត់ផ្គង់ទៅក្នុងខ្សែចង្វាក់ផលិតកម្មពិភពលោកនិងតំបន់។ ដំណើរ​ទស្សន​កិច្ច​នោះ សមាគម​ជប៉ុន-កម្ពុជា នឹងនាំមកនូវសហគ្រាសធុនតូចនិងមធ្យមមួយចំនួនមកកម្ពុជា ហើយសង្ឃឹមថា សហគ្រាសទាំងនោះមិនត្រឹមតែដាក់ទុនវិនិយោគនៅកម្ពុជាប៉ុណ្ណោះទេថែម​ទាំងផ្ទេរចំណេះដឹង និងបច្ចេកទេសថែមទៀតមកកម្ពុជា។ ក្នុងឱកាសនោះដែរ សមាជិកសមាគម​ជប៉ុន-កម្ពុជាមួយរូប ដែលកំពុងតែសិក្សាអំពីការផលិតផលិតផលសំអាងនិងសាប៊ូពីសូត្រមាស​កម្ពុជា ក៏បានបញ្ជាក់ពី​ចំណាប់​អារម្មណ៍​ក្នុងការ​បង្កើត​ម៉ាក​បញ្ជាក់​គុណភាពដើម្បីផ្ដល់ទំនុកចិត្តដល់អតិថិជន និងទីផ្សារ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះគំនិតផ្ដួចផ្ដើមទាំងអស់នោះ ហើយបានលើកទឹកចិត្តឲ្យ​សមាគម​ជប៉ុន-កម្ពុជា ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ ខាង​មុខចូលរួមនៅក្នុងពិព៌រណ៍ផលិតផលនាំចេញនាំចូលកម្ពុជា លើកទី១៥ ដែលនឹង​ត្រៀម​ធ្វើ​នៅខែធ្នូឆ្នាំ២០២០ផងដែរ។ ទាក់ទងនឹងការបង្កើតម៉ាកនានា ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំ​ឲ្យធ្វើការជិត​ស្និតជាមួយនាយកដ្ឋានកម្មសិទ្ធិ​បញ្ញានៃក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សា និង​ធ្វើការ​បន្ថែមលើករណីនេះ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ