ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ម៉ោង ១០:២១ នាទី ព្រឹក
👁 0
សេចក្ដីប្រកាសព័ត៌មាន
ស្ដីពីការចរចាជុំទីពីរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
ក្រសួងពាណិជ្ជកម្មមានកិត្តិយសសូមគោរពជម្រាបជូនសម្តេចឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី០៩ខែមេសា ឆ្នាំ២០២០ កម្ពុជា និងចិនបានបញ្ចប់ការចរចាជុំទីពីរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តាមរយៈកិច្ចប្រជុំតាមវីដេអូអនឡាញក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជានិង ឯកឧត្តម យ៉ាង ចឹងវ៉ី (Yang Zhengwei) អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន។ ការចរចាជុំទីពីរនេះជាការចរចាបន្តពីជុំទីមួយ ដែលបានធ្វើឡើងកាលពីថ្ងៃទី២០-២១ខែមករា ឆ្នាំ២០២០កន្លងមក នៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យវឌ្ឍនភាពការងារតាមក្រុមការងារតូចៗ និងដោះស្រាយបញ្ហាសេសសល់មួយចំនួន។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននេះគឺជាគំនិតផ្ដួចផ្ដើម និងជាអាណត្តិដែលបានផ្តល់ឱ្យដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី គឺជាំង (LiKeqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិននៅក្នុងជំនួបទ្វេភាគីនាថ្ងៃទី២០-២៣ ខែមករា ឆ្នាំ២០១៩នៅទីក្រុងប៉េកាំង ក្នុងគោលដៅពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគ សេវានិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រជាជនរបស់ប្រទេសទាំងពីរ។
ក្នុងការចរចាជុំទីពីរភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានដោយក្រុមការងារចរចាទាំង ១០ក្រុមដែលទទួលបានតាមរយៈការផ្លាស់ប្តូរយោបល់ និងចរចាយ៉ាងសកម្ម តាមមធ្យោបាយអនឡាញ ទោះបីប្រទេសទាំងពីរកំពុងមមាញឹកក្នុងការអនុវត្តវិធានការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។ ក្រុមការងារចរចានៃប្រទេសទាំងពីរបានឯកភាពគ្នាលើជំពូកមួយចំនួននៅក្នុងជុំចរចាទីពីរនេះដូចជាជំពូកទាក់ទងនឹងកិច្ចសហប្រតិបត្តិការវិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវ និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ក្នុងនោះដែរ ក្រុមការងារបានចរចា និងឯកភាពជាគោលការណ៍លើបញ្ហានានាដែលមិនទាន់បានដោះស្រាយមួយចំនួនព្រមទាំងបានកំណត់គោលការណ៍ និងដាក់ទិសដៅឱ្យក្រុមការងារតូចៗទាំង១០ យកទៅពិភាក្សាបន្តហើយរាយការណ៍ឱ្យប្រធានក្រុមចរចា មិនឱ្យលើសពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ដើម្បីប្រធានក្រុមចរចានៃភាគីនីមួយៗ យកទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួនសំដៅឈានដល់ការឯកភាពគ្នាទាំងស្រុង និងបញ្ចប់ការចរចាកិច្ចព្រមព្រៀងនេះ នៅខែមិថុនាឆ្នាំ២០២០ តាមការគ្រោងទុក។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣