ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ម៉ោង ០៥:៣៤ នាទី ល្ងាច
👁 0
(រាជធានីភ្នំពេញ)៖ ទោះបីជាព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតក្នុងកាលៈទេសៈ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩តែដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសមភាគីចិន ដឹកនាំដោយ ឯកឧត្តម យ៉ាង ចឹងវ៉ី (YangZhengwei) អគ្គនាយករងក្រសួងពាណិជ្ជកម្មចិន បានបើកការចរចាជុំទីពីរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ(Video Conference) ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពទូទៅនៃការចរចារបស់អនុក្រុមការងារនីមួយៗ និងពិនិត្យ និងផ្តល់គោលការណ៍សម្រាប់ដោះស្រាយបញ្ហាសំខាន់ៗសំដៅបញ្ចប់ការចរចាក្នុងឆ្នាំ២០២០ ខាងមុខនេះ។
ភាគីទាំងពីរបានឯភាពថានឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់នឹងជំងឺឆ្លងកូវីដ១៩ដែលកំពុងបណ្តាលឱ្យសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងធ្វើឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅនៃប្រជាជនយើង ហើយក៏មានការយល់ស្របគ្នាដែរថា ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនពិតជានឹងជួយដល់ការស្តារឡើងវិញនៃសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាសេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងតំបន់។
ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនិងលទ្ធផលសម្រេចបានដោយក្រុមការងារទាំង១០ ដែលទោះបីជាក្នុងរយៈពេលខ្លីនិងក្នុងកាលៈទេសៈដែលប្រទេសទាំងពីរកំពុងជួបប្រឈម តែនៅសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរដោយបានឯកភាពគ្នានូវជំពូកសំខាន់ៗ ដូចជា ជំពូកកិច្ចសហប្រតិបត្តិការវិនិយោគកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនិងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ចំពោះស្តីពីវិធានប្រភពដើមទំនិញ នីតិវិធីគយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ របាំងបច្ចេកទេសមិនមែនពន្ធភាគីទាំងពីរបានឯកភាពជាគោលការណ៍ និងកំពុងបន្តពិភាក្សាលើចំណុចដែលខ្វែងគំនិតគ្នាបន្តិចបន្តួចតាមរយៈវីដេអូ និងអ៊ីម៉ែល ឱ្យបានយ៉ាងយូរបំផុតនៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
ចំពោះជំពូកសំខាន់ៗរួមមានពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីបញ្ហាប្រឈមនិងផលប្រយោជន៍នៃប្រទេសនីមួយៗ ដោយឯកភាពថានឹងផ្តល់ភាពទន់ភ្លន់ឱ្យគ្នាទៅវិញទៅមក។
ប្រធានក្រុមចរចានៃប្រទេសទាំងពីរ បានណែនាំឲ្យអនុក្រុមការងារពន្លឿនការពិភាក្សានិងដោះស្រាយបញ្ហាសំខាន់ៗសេសសល់ទាំងនេះ ទោះបីជាតាមប្រព័ន្ធអនឡាញក៏ដោយសំដៅបញ្ចប់ជំពូកថ្មីៗបន្ថែមឲ្យបានមុនកិច្ចប្រជុំបន្ទាប់ ដែលគ្រោងធ្វើនៅខែមិថុនាខាងមុខនេះ។
ភាគីទាំងពីរបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំងពីរក្នុងការបំពេញតួនាទីយ៉ាងសកម្មទោះបីជាមានឧបសគ្គមិនអាចចូលរួមកិច្ចប្រជុំផ្ទាល់ ការជួបប្រជុំតាមប្រព័ន្ធអនឡាញនេះផ្តល់ឱកាសឲ្យក្រុមការងារទាំងសងខាងពន្លឿនការងាររបស់ខ្លួនបន្តទៀតសំដៅសម្រេចបាននូវអាណត្តិផ្តល់ឲ្យដោយប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ សម្រាប់ជាផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចប្រជុំក្រុមការងារ លើកទី៣គ្រោងនឹងប្រារព្ធធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២០ ខាងមុខ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣