ឯកឧត្តម ឈួន ដារ៉ា ផ្តល់បទសម្ភាសន៍​ជាមួយសារព័ត៌មាន ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៣:០៨ នាទី រសៀល

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(សៀងហៃ, ចិន)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងសៀងហៃ ប្រទេសចិន ក្នុងឱកាសដែលគណៈប្រតិភូកម្ពុជាចូលរួម ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ លើកទី២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាក្រសួងពាណិជ្ជកម្ម តាងនាមឲ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានប្រតិភូ បានផ្តល់បទសម្ភាសន៍​ជាមួយសារព័ត៌មានជាតិ និងអន្តរជាតិនៅពន្លាជាតិកម្ពុជា ដែលស្ថិតក្នុងសាលពិព័រណ៍នាទីក្រុងសៀងហៃ ប្រទេសចិន។

ក្នុងឱកាសនៃបទសម្ភាសន៍នេះ ឯកឧត្តម ឈួន ដារ៉ា បានជម្រាបអ្នកសាព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱកាសវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីត្រៀមលក្ខណៈទទួលស្វាគមន៍អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមានបំណងជ្រើសរើសប្រទេសកម្ពុជាធ្វើជាគោលដៅទេសចរណ៍។

ពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិនាពេលនេះ ឯកឧត្តមបានជម្រាបអ្នកសារព័ត៌មានថា កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដោយយកលំនាំតាមរចនាបទខ្មែរសម័យចតុមុខ ដោយក្នុងពន្លាជាតិមានរៀបចំតុបតែងតាំងលម្អតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសកម្ពុជា និងមានបញ្ជរដាក់តាំងផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជា មានដូចជា ផលិតផលកសិកម្ម ផលិតផលអង្ករ ម្រេច ផលិតផលកែច្នៃ ម្ហូបអាហារ និងភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងគម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនឯកជន សម្រាប់ស្វែងរកដៃគូពាណិជ្ជកម្ម វិនិយោគ និងទាក់ទាញទេចរណ៍។

នាឱកាសនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ពិព័រណ៍ពាណិជ្ជកម្មចិនទំនិញនាំចូលអន្តរជាតិ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្ម និងវិនិយោគកម្រិតអន្តរជាតិដ៏ធំ និងជាវេទិកាដ៏មានសារៈសំខាន់បំផុតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសចិន  និងបណ្តាប្រទេសនានានៅលើពិភពលោក និងជាវេទិកាបើកចំហរទីផ្សាររបស់ប្រទេសចិន ដើម្បីទទួលស្វាគមន៍ផលិតផល និងសេវាកម្មនាំចូលពីបរទេស។

ឯកឧត្តម បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលប្រទេសចិន ដែលបានអញ្ជើញប្រទេសកម្ពុជា ធ្វើជាប្រទេសកិត្តិយសចូលរួមក្នុងពិព័រណ៍ឆ្នាំនេះ។ កម្ពុជារំពឹងថា តាមរយៈពិព័រណ៍ឆ្នាំនេះ នឹងអាចជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីចិន-កម្ពុជា កើនឡើងមួយកម្រឹតទៀត   ជាពិសេសអាចទាក់ទាញវិនិយោគចិនកាន់តែច្រើនឡើងថែមទៀតមកវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានកិច្ចការពិព័រណ៍

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ