ក្រសួងពាណិជ្ជកម្មបានចូលរួមកិច្ចពិភាក្សាតុមូល (Roundtable Discussion) របស់កម្មវិធីពង្រឹងក្របខ័ណ្ឌ សមាហរណកម្ម (Enhanced Integrated Framework - EIF) តាមរយៈប្រព័ន្ធវីឌីអូ

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១១:៣២ នាទី ថ្ងៃត្រង់

👁 47

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល (Roundtable Discussion) របស់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework -  EIF) តាមរយៈប្រព័ន្ធវីឌីអូ ស្ដីពីការចែករំលែកបទពិសោធន៍និងឧត្តមានុវត្តន៍នៃការអនុវត្តកម្មវិធី EIF។ កម្មវិធីតុមូលនេះ មានតំណាងចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ្រិក និងមានគោលបំណងដើម្បី (១) ពិនិត្យមើលទិដ្ឋភាពទូទៅនៃការអនុវត្តគម្រោងរបស់ EIF រួមមាន លទ្ធផលសំខាន់ៗ ផលប៉ះពាល់ និងវិស័យអាទិភាពនាពេលអនាគត និង (២) ចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមការអនុវត្តគម្រោងរបស់ EIF។  

នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវរដ្ឋលេខាធិការ បានជម្រាបជូនថា កម្ពុជាបានបញ្ជប់ការអនុវត្តគម្រោងក្រោមជំនួយរបស់ EIF ជាច្រើនប្រកបដោយជោគជ័យ ដូចជា កម្មវិធីពិពិធកម្មនិងពង្រីកការនាំចេញកម្ពុជាជំហានទី១ កម្មវិធីពិពិធកម្មនិងពង្រីកការនាំចេញកម្ពុជាជំហានទី២ គម្រោងគាំទ្រនិរន្តរភាព គម្រោងរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ គម្រោងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោងមួយចំនួនទៀត។ នាពេលបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងអនុវត្តគម្រោង Go4eCAM ដែលមានគោលបំណងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ជាមួយនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់កម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម  EIF ដែលតែងតែផ្តល់ការគាំទ្រជាហិរញ្ញប្បទាន និងធនធានបច្ចេកទេស ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។ លោកជំទាវរដ្ឋលេខាធិការ បានលើកបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗ រួមមាន ការកសាងសមត្ថភាពស្ថាប័ន ការកសាងសមត្ថភាពផលិត ការសម្របសម្រួលអន្តរក្រសួងនិងដៃគូអភិវឌ្ឍន៍ដ៏មានប្រសិទ្ធិភាព ការរៀបចំគណៈកម្មការសម្រាប់យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CTIS) ។ លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងពាណិជ្ជកម្មនាពេលអនាគត រួមមាន ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិស័យវិនិយោគនិងបច្ចេកវិទ្យាផងដែរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ