មន្ត្រីជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាតាមប្រព័ន្ធវីឌីអូ ស្តីអំពី “ផលប៉ះពាល់នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកលើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់”

ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១០:៥៤ នាទី ព្រឹក

👁 41

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នារសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ពេជ ឬទ្ធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា ស្តីអំពី “ផលប៉ះពាល់នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច មកលើវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់” តាមប្រព័ន្ធវីឌីអូ ដែលសហការរៀបចំដោយអង្គការ WTO, UN DESA, UNCTAD និង ITC ក្នុងគោលបំណងពិភាក្សាអំពីបញ្ហាប្រឈមដែលអាចកើតមានក្រោយការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច និងផលប៉ះពាល់បង្កដោយជំងឺកូវីដ-១៩ មកលើវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់ ក៏ដូចជាស្វែងរកដំណោះស្រាយសម្រាប់ដំណើការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចឱ្យមានភាពរលូន។ សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញនិងពិភាក្សាដោយទីប្រឹក្សាអន្តរជាតិតំណាងអង្គការ WTO, UN DESA, UNCTAD និង ITC និងតំណាងប្រទេសអភិវឌ្ឍន៍តិចតួច រួមមានប្រទេសបង់ក្លាដេស កម្ពុជា ឡាវ និងនេប៉ាល់។

ថ្លែងនៅក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញអំពីសារៈសំខាន់នៃវិស័យកាត់ដេរក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា អត្ថប្រយោជន៍នៃភាពអនុគ្រោះពន្ធសម្រាប់កំណើនការនាំចេញរបស់កម្ពុជា និងបញ្ហាប្រឈមនៃការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចបង្ករផលប៉ះពាល់ដល់ភាពអនុគ្រោះពន្ធ លក្ខខណ្ឌនៃប្រភពដើមកំណើតទំនិញ ភាពទាក់ទាញសម្រាប់ការវិនិយោគ ភាពប្រកួតប្រជែងរបស់កម្ពុជា ផលប៉ះពាល់នៃវិបត្តិកូវីដ-១៩លើវិស័យកាត់ដេរនិងសម្លៀកបំពាក់ និងឱកាសក្នុងការទទួលជំនួយពាណិជ្ជកម្ម។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ឯកឧត្តមបានលើកឡើងអំពីគោលនយោបាយនិងយុទ្ធសាស្រ្តដើម្បីកម្ពុជាអាចពង្រឹងភាពប្រកួតប្រជែង និងត្រៀមខ្លួនសម្រាប់ចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ការជំរុញឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ព្រមទាំងការរៀបចំបង្កើតជាគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មផងដែរ ដែលកន្លងមកក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរគឺ យុទ្ធសាស្ត្រសមាហរណពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩-២០២៣ និងយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ