ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ២០២២ ឱ្យបានជោគជ័យ

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ម៉ោង ១២:២៤ នាទី ថ្ងៃត្រង់

👁 33

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានចូលរួមកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២  តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន៤ រួមមាន ១) មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន ២)ការត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២ ៣) ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ និង ៤) បញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

ជាការចូលរួម ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឋានៈជាអនុប្រធាននៃគណៈកម្មការជាតិនេះ និងជាតំណាងឲ្យកម្ពុជាជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទទួលបន្ទុកសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា តាមរយៈក្រសួងពាណិជ្ជកម្ម កម្ពុជាបាននឹងកំពុងពន្លឿននីតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមាន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០ កន្លងទៅ។ ក្រៅពីនេះ ក្រសួងក៏បាននឹងកំពុងជំរុញនីតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា...) នៅពេលការសិក្សាបានបញ្ចប់។ ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាថានឹងសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ