ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០២:៣០ នាទី យប់

👁 19

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។ ជំនួបពិភាក្សានេះ ផោ្តតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មអន្តរជាតិរវាងកម្ពុជា និងអូស្រ្តាលី និងជាពិសេសការបន្តជួយគំាទ្ររបស់អូស្រ្តាលីក្នុងការអភិវឌ្ឍពាណិជ្ជកម្មកម្ពុជា ក្នុងបរិបទទ្វេភាគី តំបន់ និង ពហុភាគី។  

ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើការវិវត្តនានាក្នុងបរិបទពាណិជ្ជកម្មពហុភាគីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាពិសេសការត្រៀមចូលរួមសន្និសីទថ្នាក់រដ្ឋមន្រ្តីអង្គការ WTO លើកទី១២ (MC12) នាពេលខាងមុខ។ ក្នុងក្របខ័ណ្ឌតំបន់ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនថា អូស្ត្រាលីនឹងចាប់ផ្តើមដាក់ចេញនូវគំនិតផ្តួចផ្តើមជំរុញការប្រើប្រាស់ឯកសារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មជាមួយអូស្ត្រាលីកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ សំដៅលើកកម្ពស់ភាពធន់នៃខ្សែច្រវាក់ពាណិជ្ជកម្ម និងជំរុញកំណើនពាណិជ្ជកម្មក្នុងតំបន់ ជាពិសេសក្នុងបរិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ និងក្រោយវិបត្តិនេះ។

ដោយទ្បែកក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មក្រោមជំនួយរបស់អូស្ត្រាលី រួមមាន ការអភិវឌ្ឍនិងកសាងបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យពាណិជ្ជកម្មដូចជាកិច្ចការពារអ្នកប្រើប្រាស់ ប្រកួតប្រជែង និងឧបាស្រ័យពាណិជ្ជកម្ម ការបន្តអនុវត្តកម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក  ជាដើម។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្នើសុំភាគីអូស្ត្រាលីឱ្យបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងសាកលវិទ្យាល័យនានានៃប្រទេសអូស្ត្រាលី តាមរយៈការបន្តផ្តល់ជូនអាហារូបករណ៍មានដូចជា Australia Awards Scholarships វគ្គបណ្តុះបណ្តាល និងកម្មវិធី Exchange Programme សំដៅលើកកម្ពស់និងកសាងសមត្ថភាពនៃមន្ត្រីចរចាកម្ពុជា ក៏ដូចជាមន្ត្រីទទួលបន្ទុកកិច្ចការពារអ្នកប្រើប្រាស់ និងប្រកួតប្រជែង ដែលជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យពាណិជ្ជកម្មកម្ពុជា។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះភាគីអូស្រ្តាលីដែលបានបន្តគាំទ្រ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា និងវិស័យពាក់ព័ន្ធនានា។  ភាគីទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ