ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនលោកជំទាវឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០២:៣០ នាទី រសៀល

👁 21

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនលោកជំទាវ ចំពោះការទទួលបានការតែងតាំងពីរដ្ឋាភិបាលសឹង្ហបុរីជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីក្តីសោមនស្សរីករាយ និងការប្តេជ្ញាចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្ដី និងលោកជំទាវអគ្គរដ្ឋទូតបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាពាណិជ្ជកម្មក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា មានជាអាទិ៍ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ ហើយបានស្នើសុំឱ្យភាគីសឹង្ហបុរីជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សឹង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូផ្គងធុរកិច្ចរវាងកម្ពុជា និងសឹង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមពីការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជាពិសេសកិច្ចការពារកម្មសិទ្ធិបញ្ញា ដោយក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានជំរុញឱ្យមានការអនុវត្តច្បាប់យ៉ាងជាក់លាក់ ជាពិសេសត្រូវការពារនូវម៉ាក ពាណិជ្ជនាមរបស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការលើកទឹកចិត្តឱ្យមានការវិនិយោគនៅកម្ពុជា។ ជាមួយនោះផងដែរ ក្រសួងពាណិជ្ជកម្មក៏បានជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិ ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅពិភពលោកឱ្យបានស្គាល់។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះការរៀបចំលក់ចំណីអាហារតាមចិញ្ចើមផ្លូវរបស់សឹង្ហបុរី ហើយក៏បានស្នើសុំឱ្យភាគីសឹង្ហបុរីផ្ដល់នូវគំរូល្អៗ ក្នុងការរៀបចំការលក់ដូរបែបនេះ ដើម្បីជាការផ្ដួចផ្ដើមអភិវឌ្ឍន៍វិស័យសហគ្រាសមីក្រូ តូច និងមធ្យម ក៏ដូចជាប្រភពចំណូលដល់ប្រជាជន។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាក់ព័ន្ធនឹងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់  ជាពិសេស លោកជំទាវអគ្គរដ្ឋទូត ក៏បានបង្ហាញ និងផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការទទួលតួនាទីធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ ហើយក៏បានជម្រាបជូនថា សឹង្ហបុរីនឹងបន្តសហការជាមួយកម្ពុជាក្នុងនាមជាមិត្តជិតស្និតមួយលើការងារទាំងអស់ដែលបានលើក។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអគ្គរដ្ឋទូត បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ