ក្រសួងពាណិជ្ជកម្មចូលរួមកិច្ចប្រជុំអនុគណៈកម្មាការខ្លឹមសារនិងឯកសារ ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០៩:០៩ នាទី យប់

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអនុគណៈកម្មាការខ្លឹមសារនិងឯកសារ ត្រៀមសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។  កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានអនុគណៈកម្មាការខ្លឹមសារនិងឯកសារ និងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធដែលនៅក្រោមសសរស្តម្ភទាំងបី។ កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន៤ រួមមាន (១) ការត្រៀមតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ (២) ការរៀបចំសកម្មភាព ផែនការការងារ ភារកិច្ច និងការសម្របសម្រួលការងារឆ្លងវិស័យ (៣) ការលើកគម្រោងថវិកាសម្រាប់កិច្ចប្រជុំឆ្នាំ២០២២ និង(៤) បញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។

កិច្ចប្រជុំបានអញ្ជើញតំណាងសសរស្តម្ភទាំងបី (សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌) ធ្វើបច្ចុប្បន្នភាពពីចំណុចអាទិភាព និងសមិទ្ធិផលសំខាន់ៗ នៅក្រោមសសរស្តម្ភរបស់ខ្លួន ដើម្បីប្រមូលជាធាតុចូលឲ្យស្របនឹងមូលបទអាស៊ានឆ្នាំ២០២២។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបអង្គប្រជុំផងដែរថាក្រសួងបាននឹងកំពុងរៀបចំដំណើរការស្តីពីការបង្កើតគណៈកម្មាការ អនុគណៈកម្មការអន្តរក្រសួង-ស្ថាប័ន សម្រាប់រៀបចំកិច្ចប្រជុំ និងសម្របសម្រួលការងារពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ច ដើម្បីរៀបចំប្រមូលធាតុចូលសំខាន់ៗ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើម ក៏ដូចជាសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច ក្នុងពេលកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តទៀតថា ក្រសួងពាណិជ្ជកម្ម ក៏នឹងកំពុងរៀបចំសេចក្តីព្រាងដំបូងនៃ AEC Notional Calendar 2022 ហើយនឹងរៀបចំកិច្ចប្រជុំជាមួយប្រធានដឹកនាំតាមវិស័យពាក់ព័ន្ធក្រោមសសរស្តម្ភសេដ្ឋកិច្ចអាស៊ាន ដើម្បីបញ្ចប់សេចក្តីព្រាងនេះផងដែរ។

ជាចុងក្រោយ លោកជំទាវប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នដែលស្ថិតក្រោមសសរស្តម្ភទាំងបីខាងលើ ដែលចូលរួមផ្តល់ធាតុចូលនិងយោបល់  និងប្តេជ្ញាសហការគ្នា ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ