ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូ

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ម៉ោង ០៤:៣០ នាទី រសៀល

👁 20

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។ ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើការធ្វើបច្ចុប្បន្នភាពនៃដំណើរការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។  

ជាកិច្ចចាប់ផ្ដើមឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន អំពីស្ថានភាពកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ជាពិសេសដំណើរការនៃការចាក់វ៉ាក់សាំងការពារជំងឺនេះដែលបានប្រព្រឹត្តទៅយ៉ាងរលូនដោយគិតត្រឹមថ្ងៃនោះ កម្ពុជាបានចាក់វ៉ាក់សាំងបានប្រមាណ ២៣% នៃចំនួនប្រជាជនគោលដៅទាំងអស់។ ពាក់ព័ន្ធទៅនឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្នុងស្ថានភាពកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏ចូលរួមជាមួយសមាជិកអាស៊ានដទៃទៀត និងដៃគូអាស៊ាន ដើម្បីធានាថាពាណិជ្ជកម្មឆ្លងព្រំដែននឹងមិនត្រូវបានរំខានដោយវិធានការរឹតត្បិតនានាឡើយ ជាពិសេសគឺការធានាបាននូវលំហូរដោយសេរីនូវផលិតផលចាំបាច់ ជាពិសេសគ្រឿងឧបភោគបរិភោគ ផលិតផលឱសថ និងបរិក្ខារវេជ្ជសាស្រ្ត ដូចដែលប្រមុខដឹកនាំអាស៊ានបានសម្រេចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ តាមប្រព័ន្ធវីដេអូស្តីពីការបង្កើតក្របខណ្ឌអាស៊ាននៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការអាស៊ាន អំពីដំណើរការបច្ចុប្បន្នភាពក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងវឌ្ឍភាពក្នុងការងារត្រៀមខ្លួនរៀបចំធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។  

ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការជួយកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២។

កិច្ចប្រជុំខាងលើបានបញ្ចប់ដោយក្តីសោមន្សរីករាយ និងក្រោមបរិយាកាសស្និទ្ធិស្នាល។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ