ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង ត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ម៉ោង ០៥:៣២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ កិច្ចប្រជុំគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនិងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារ របស់​អនុគណៈកម្មការទាំង១០នៅក្រោមគណៈកម្មការនេះ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​របស់គណៈកម្មការទាំងមូលក្នុងការងាររៀបចំ​តាក់​តែង​សេចក្ដីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្តដែលបានសម្រេចលទ្ធផលបានផ្លែផ្កាជាបណ្ដើរៗ ដូចជា​ច្បាប់​ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលបាន​ប្រកាស​ដាក់ឱ្យប្រើប្រាស់​នៅថ្ងៃទី០២ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ឯកឧត្តមបានកត់សម្គាល់ និងណែនាំឱ្យ​អនុគណៈកម្មការ​ទទួលបន្ទុកច្បាប់ទាំងពីរត្រូវជំរុញរៀបចំលិខិតបទដ្ឋានគតិយុត្ត ដូចជា អនុក្រឹត្យ ឬប្រកាស​នានាដើម្បីអនុវត្តច្បាប់ទាំងនោះឱ្យ​ប្រកបដោយប្រសិទ្ធភាពខ្ពស់។ចំពោះអនុគណៈកម្មការដទៃទៀត ឯកឧត្តមរដ្ឋមន្ត្រី បានដាស់តឿនថា ក្រសួងពាណិជ្ជកម្ម ក៏មានកាតព្វកិច្ចរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់វិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃផ្សេងទៀត ដើម្បីអភិវឌ្ឍន៍​ប្រព័ន្ធ​ច្បាប់​ក្រោម​វិស័យ​ពាណិជ្ជកម្មរបស់យើងឱ្យកើនឡើងនិងមានភាពទំនើបមួយជំហានទៀត។

គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត និងត្រួតពិនិត្យការអនុវត្តច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តនិងកម្មវិធីគោលនយោបាយវិស័យពាណិជ្ជកម្ម មានអនុគណៈកម្មការ ចំនួន១០ ទទួល​បន្ទុក​រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលរួមមាន៖ ១) បទប្បញ្ញត្តិ​សម្រាប់​អនុវត្ត​ច្បាប់​ស្ដីពី​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក២) បទប្បញ្ញត្តិសម្រាប់អនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ៣)សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង ៤)អនុគណៈកម្មការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីម្ហូបអាហារ ៥)សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ៦)ការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត ៧)សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានានិងច្បាប់ស្ដីពីក្ស័យធន ៨) សេចក្ដី​ព្រាង​វិសោធនកម្មច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម ៩)សេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីកម្មសិទ្ធិបញ្ញា និង ១០) សេចក្ដីព្រាងច្បាប់ស្ដីពីភ្នាក់ងារពាណិជ្ជកម្ម។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ