ក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្ម និងនាំចេញអង្ករកម្ពុជា

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៥:៤២ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាអំពីថ្លៃដើមផលិតកម្មនិងនាំចេញអង្ករកម្ពុជា (Rice Export Cost Study) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែល​មាន​ការចូលរួមពីថ្នាក់ដឹកនាំ-មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងសហព័ន្ធស្រូវអង្ករកម្ពុជានិងកម្មវិធីខ្សែច្រវ៉ាក់​តម្លៃ​កសិកម្មកម្ពុជា (CAVAC) នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

​គម្រោង​សិក្សាថ្លៃដើមផលិតកម្មនិងនាំចេញអង្ករកម្ពុជានេះ ត្រូវ​បាន​ស្នើឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្មក្រោម​កិច្ច​សហការ​និងគាំទ្រផ្នែក​បច្ចេកទេស ​និង​ហិរញ្ញវត្ថុពី​អង្គការ​«កម្មវិធី​ខ្សែ​ច្រវ៉ាក់​តម្លៃកសិកម្មកម្ពុជា​» ឬ កាវ៉ាក់ (CAVAC) ដែលគម្រោង​នេះ​មាន​បំណង​រកឱ្យឃើញពីបញ្ហាប្រឈម ​​ឧត្តមភាព​ ឬលទ្ធភាព​ពង្រឹងភាព​ប្រកួតប្រជែង​បច្ចុប្បន្នរបស់​វិស័យ​ស្រូវ​-អង្ករ​កម្ពុជា។​ការសិក្សាបានផ្តោតសំខាន់លើភាពប្រកួតប្រជែងវិស័យស្រូវ-អង្ករកម្ពុជា ដោយ​វិភាគលើ​ខ្សែ​ច្រវ៉ាក់​តម្លៃរបស់​វិស័យ​ស្រូវ-អង្ករចាប់​តាំងពី​​ការ​បង្ក​បង្កើន​ផល​ ការ​សម្ងួត ​និង​កិនរហូត​ដល់​ការ​នាំចេញដែល​រួមទាំង​​ការ​ដឹក​ជញ្ជូ​ន ​និង​ការ​រត់​ការ​ឯកសារ​ផងដែរ​សម្រាប់ការនាំចេញទៅកាន់ប្រទេសគោលដៅ (នាំចូល) នៅសហភាពអឺរ៉ុប  និងបណ្តាប្រទេស​ផ្សេង​ទៀត។របាយការណ៍នៃលទ្ធផលសិក្សានេះ នឹងផ្សព្វផ្សាយជូនវិស័យឯកជន និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធសំដៅ​ដាក់​ចេញ​ផែនការ និងគោលនយោបាយអភិវឌ្ឍន៍វិស័យស្រូវ-អង្ករកម្ពុជានិងឈានទៅចាប់យកទីផ្សារអង្ករក្រៅប្រទេស។

អង្គប្រជុំបានពិភាក្សាលើផ្នែកពាក់ព័ន្ធសំខាន់ៗដែលប៉ះពាល់ដល់តម្លៃនាំចេញអង្ករកម្ពុជា រួមមាន៖អគ្គិសនី ដឹកជញ្ជូន​ពីឃ្លាំង​ទៅកំពង់ផែ ថ្លៃចំណាយនៅកំពង់ផែ ចំណាយលើការនាំចេញ ថ្លៃដឹកជញ្ជូនពីកំពង់ផែទៅប្រទេសគោលដៅ(នាំចូល) និងចំណាយពាក់ព័ន្ធផ្សេងៗទៀត។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម សុខសុភ័ក្ត្រ រដ្ឋលេខាធិការ និង​ជា​ប្រធាន​អង្គប្រជុំ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធទាំងរដ្ឋនិងផ្នែកឯកជន បន្តសហការ និង​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងវិស័យស្រូវ-អង្ករកម្ពុជាលើតម្លៃអង្ករនាំចេញ។ ឯកឧត្តមប្រធានអង្គប្រជុំ នឹងរាយការណ៍​អំពីបញ្ហា​ប្រឈម​ជូន​ថ្នាក់​ដឹកនាំនិងស្នើសុំសេចក្តីសម្រេចពីថ្នាក់ដឹកនាំ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ