ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ម៉ោង ១២:៣៤ នាទី ថ្ងៃត្រង់
👁 0
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តមប៉ាប្លូ កាំង (PabloKang) ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏ដូចជាពិភាក្សាការងារមួយចំនួនទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាបាននូវលំនឹងសេដ្ឋកិច្ច និងជីវភាពសង្គមដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះរួមមានការផ្ទេរប្រាក់តាមរយៈក្រុមហ៊ុនវីង (WING) ជូនទៅក្រុមគ្រួសារក្រីក្រ ក៏ដូចជាការផ្ដល់ជូននូវរថយន្តសង្គ្រោះបន្ទាប់ចំនួន២០ គ្រឿងជូនចំពោះក្រសួងសុខាភិបាលកម្ពុជា។ ក្រៅពីនេះផងដែរ រដ្ឋាភិបាលអូស្ត្រាលី ក៏បានរៀបចំនិងកំពុងអនុវត្តគម្រោងដទៃទៀតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគនិងពាណិជ្ជកម្មផងដែរ។ ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបអំពីសកម្មភាពដែលរដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្មរួមមាន ការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះនូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគនិងពិពិធកម្មពាណិជ្ជកម្មផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការផ្ដល់ព័ត៌មានជូនដោយឯកឧត្តមឯកអគ្គរាជទូតអូស្ត្រាលីក៏ដូចជាចំពោះជំនួយនានាដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជូនប្រទេសនិងប្រជាជនកម្ពុជា។ កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួនដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ)ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ក៏បានស្នើសុំឲ្យអូស្ត្រាលីពិនិត្យលទ្ធភាពជួយបន្ថែមទៀតក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលិខិតបទដ្ឋានគតិយុត្តនៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍នៃយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣។
ក្រៅពីនេះផងដែរ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគីដោយក្នុងនោះឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនដែរថា ក្រុមហ៊ុនអូស្ត្រាលីមួយក៏កំពុងតែសិក្សាលទ្ធភាពវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣