ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៧:១៦ នាទី យប់
👁 0
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយនិងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីពិនិត្យនិងតាមដានវឌ្ឍនភាពការងារនៃក្រុមការងារនីមួយលើការរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំថាការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូជាការងារចម្បងដែលរាជរដ្ឋាភិបាលបានប្រគល់ជូនមកក្រសួងពាណិជ្ជកម្ម ដើម្បីពង្រឹងភាពប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។ ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាល ដែលបានកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា គឺត្រូវទាមទារឲ្យយើងបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។ ជាក់ស្ដែងការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងគោលបំណងពង្រីកនិងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀតដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្ដីរីករាយដែលបានឃើញការងារចរចានិងការសិក្សាមួយចំនួន ដែលបានចាប់ផ្ដើមរួចហើយបានទទួលនូវផ្លែផ្កាជាទីគាប់ចិត្តរួមមានការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងការពិភាក្សាជាមួយនឹងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី។ចំពោះក្រុមការងារដែលមិនទាន់បានចាប់ផ្ដើមការងាររបស់ខ្លួននៅឡើយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យចាប់ផ្ដើមការងាររបស់ខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដោយគិតគូ និងរៀបចំផែនការសកម្មភាពរបស់ខ្លួនឲ្យបានច្បាស់លាស់។
សូមជម្រាបជូនថាក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមានក្រុមការងារចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេសសាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) អាមេរិក ជប៉ុនម៉ុងហ្គោលី និងឥណ្ឌា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣