ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៦:៣៨ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់សោ​ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មថ្នាក់ដឹកនាំខេត្ត ​ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលនាថ្ងៃនេះ និងបានថ្លែងអំណរគុណ ឯកឧត្ដម គង់សោ​ភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីរួម​ទាំង​មន្ត្រី​រាជការ​អ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់របស់ខេត្តកណ្តាលតំណាងវិស័យឯកជន និង​ផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម​
សហការ​ ជាមួយមន្ទីរពាណិជ្ជកម្មកន្លងមក
។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាន៍ដោយក្តីមោទនភាពចំពោះវឌ្ឍភាពនិងបានអបអរសាទរចំពោះសមិទ្ធផលថ្មីនៃអគាររដ្ឋបាលថ្មីរបស់មន្ទីរពាណិជ្ជកម្មខេត្តកណ្តាលសម្រាប់​​បម្រើការងារ និងជាកន្លែងផ្ដល់សេវាកម្មជូនបងប្អូនប្រជាពលរដ្ឋលើវិស័យពាណិជ្ជកម្ម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី​ក៏បានលើកឡើងពីសម្ធិទផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងសកម្មដែលមានជាអាទិ៍​ ក្រសួងបាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម ក្នុងនោះ​​ច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវ​បាន​ព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកាឆ្នាំ២០១៩ កន្លងទៅ។ ក្រៅ​ពីនេះ​លិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក៏កំពុងតែរៀបចំតាក់តែងផងដែរ រួមមាន៖ ច្បាប់​​ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់​​ស្តីពីការ​ប្រកួតប្រ​ជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្រសួងក៏កំពុង​ពិនិត្យលើការធ្វើវិសោធន​កម្ម​ច្បាប់​មួយចំនួនទៀតដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏ណែនាំនូវចំណុចមួយចំនួន​ដល់មន្រ្តី​មន្ទីរ​ពាណិជ្ជ​កម្ម ដូចខាងក្រោម៖

ទី១-ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីក​ចំណេះដឹងខ្លួន​បន្ថែម​​​​ទៀតទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវនិងដកស្រង់​នូវ​បទ​​ពិសោធន៍​ពីមន្រ្តីរាជការនៅក្រសួងពាណិជ្ជកម្ម។

ទី២-ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្មបន្តធ្វើសហប្រតិបត្តិការឱ្យកាន់​តែជិតស្និទ្ធជា​មួយអាជ្ញាធរ​មូលដ្ឋានដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលជា​ពិ​សេស​​កំ​ណែ​ទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅ​ជួយ​​សម្រួលពាណិជ្ជកម្មនិងសម្រួលដល់ការនាំចេញ។

ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករអាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាស​​រួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពី​ការ​ការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យ​ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល​ឱ្យ​កាន់​តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យ​​ប្រទេសយើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត។

គួរបញ្ជាក់ផងដែរថា វិស័យពាណិជ្ជកម្មត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យគន្លឹះ ដើម្បីជំរុញកំណើនសេដ្ឋ​កិច្ច​​​ជាតិ ដោយសារប្រទេសយើងមាន​សក្តា​នុ​ពលខ្ពស់សម្រាប់ពង្រីកផលិតកម្មក្នុងស្រុកនិងសម្រាប់ធ្វើពិពិធកម្ម ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួង​ពាណិជ្ជ​កម្ម ក្នុង​នាមជា​សេនា​ធិការរបស់រាជរដ្ឋាភិបាលបាន​កំពុង​ធ្វើការងារយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនិង​កម្មវិធីយុទ្ធសាស្ត្ររបស់ខ្លួនដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការបច្ចុប្បន្នឱ្យបានទាន់ពេលវេលា។ជាក់ស្តែងក្រ​សួង​​កំពុងតែអនុវត្តយុទ្ធ​សាស្ត្រ​សមាហរណ​កម្ម​​ពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ដែល​ជា​គោលនយោបាយពាណិជ្ជកម្មជំនាន់ទីបួននិងបានប្រកាស​ដាក់​ឲ្យប្រើប្រាស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងវេទិកាត្រួតពិនិត្យឡើងវិញ​ជាសកល​នៃ​ជំនួយ​សម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។យុទ្ធសាស្ត្រសមាហរណកម្ម​ពាណិជ្ជកម្ម​​កម្ពុជា ២០១៩-២០២៣ ជា​ផែនទី​បង្ហាញ​​ផ្លូវដែលមានភាពស៊ីចង្វាក់គ្នានិងប្រទាក់​ក្រឡាជា​មួយ​យុទ្ធ​សាស្រ្តចតុកោណផែនការយុទ្ធ​សាស្ត្រអភិ​វឌ្ឍន៍​​ជាតិគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោ​បាយ​ជាតិ​មួយ​ចំនួនទៀត។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ