ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួប សំណេះសំណាល និងផ្ដាំផ្ញើមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៧:០១ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ ទី២១ ខែឧសភាឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួប សំណេះសំណាល និងផ្ដាំផ្ញើ​ដល់មន្រ្តីរាជការ​​មន្ទីរ​

ពាណិជកម្ម និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ ខេត្តកណ្តាល ជាច្រើននាក់ទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តី​សោមនស្ស​រីករាយ​និង​សម្ដែង​នូវការ​កោត​សរសើរ ចំពោះសមិទ្ធផល និង​ស្នាដៃ​​​ក្នុង​ការបំពេញភារកិច្ចតាមតួនាទីដែលមន្ទីរពាណិជ្ជកម្មខេត្តនិង​សាខា​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែងខេត្តកណ្តាល សម្រេចបានកន្លង​មកដែលបាន​ឆ្លុះ​បញ្ចាំង​​​ឱ្យឃើញ​អំពីការ​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ស្មារតីទទួលខុសត្រូវជាពិសេស​សហការ​ទំនាក់​ទំនង​ល្អជាមួយ​រដ្ឋបាល​ខេត្ត និងអង្គភាព​មន្ទីរពាក់ព័ន្ធ​ក្នុង​ខេត្តទាំងអស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៏ណែនាំសំខាន់ៗ ដល់មន្រ្តី​មន្ទីរ​ពាណិជ្ជ​កម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ ដូចខាងក្រោម៖
- ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី-ខេត្តដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួល​បន្ទុក​អនុវត្ត​វិស័យ​ពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលសកម្មភាពរបស់ក្រសួង។
- មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្តយោងតាមការរីកចំរើន​របស់វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសយើងនាពេលបច្ចុប្បន្នយើងត្រូវធ្វើការងារឱ្យសកម្មថែមទៀតដោយត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗដែលទាក់ទងនិង​ក្រសួង​ពាណិជ្ជកម្ម៖ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពង្រឹងការអនុវត្តប្រកាសលេខ០៨១ ពណ ចបព ប្រកចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងនិងការចេញលិខិត​អនុញ្ញាត​ប្រកប​អាជីកម្ម សេវាកម្ម ពាណិជ្ជកម្មសេចក្តីណែនាំស្តីពីយន្តការ និងនីតិវិធី​ត្រួតពិនិត្យទំនិញនិងការគ្រេប់គ្រងសកម្មភាពអាជីវកម្ម លោហធាតុត្បូងថ្ម មានតម្លៃ​ជាគ្រឿង​អលង្ការនិងវត្ថុ​អនុស្សាវរីយ៍​គ្រប់ប្រភេទ និងជាពិសេសប្រកាសអន្តរក្រសួង លេខ២៥៧ ពណ ចបពប្រក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី​ការប្រើប្រាស់​នាមករណ៍​សហគ្រាសក្រុម​ហ៊ុន នៅលើ​លិខិត​ឯកសារ ស្លាកសញ្ញាសម្រាប់តាំងបង្ហាញឬ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​ជាសាធារណៈ រវាង​ក្រសួង​ពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ដើម្បីការពារផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​លើសកម្មភាព​អសកម្មរបស់អាជីករនិង​ជាមុខមាត់​របស់ប្រទេសជាតិ​លើ​ករណី​មួយ​ចំនួនដូច​ជា​ការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារកន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែល​មាន​លក្ខណៈ​មិនសមស្រប​តាម​លក្ខណៈ​បចេ្ចកទេស។ល។ កុំចាំបាច់តែក្រុមការងារ​ពង្រឹង​មន្ទីរចុះ​មកធ្វើទេត្រូវចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង។
- សាខាការពារអ្នកប្រើប្រាស់ខេត្តត្រូវធ្វើការត្រួតពិនិត្យដោយអនុលោមតាមខ្លឹមសារ​អនុក្រឹត្យ​លេខ២១ អនក្រ.បក ចុះថ្ងៃទី០១ខែមីនា ឆ្នាំ​២០១៦ ឱ្យមានប្រសិទ្ធភាព ស្ដីពីកិច្ចសម្រួល​ពាណិជ្ជកម្ម​តាមរយៈការគ្រប់គ្រងហានិភ័យ។
- មន្ទីរពាណិជ្ជកម្ម និងសាខាការពារអ្នកប្រើប្រាស់ខេត្តត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និង​តម្លៃ​តាមស្ថានីយ៍ប្រេង
ឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង
- មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវពិនិត្យ និងតាមដានការប្រកបអាជីវកម្មដែលមិនមានការអនុញ្ញាត​ពីក្រសួងពាណិជ្ជកម្មឬស្ថាប័នពាក់ព័ន្ធ និងការប្រើប្រាស់ឈ្មោះ និងស្លាកសញ្ញាស្រដៀងគ្នានាំអោយមានការយល់ច្រឡំ
- មន្ទីរពាណិជ្ជកម្មខេត្ត ត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្តលើអនុវត្តការងារវិមជ្ឈការ និង​វិសហមជ្ឈការដែលថ្មីៗនេះរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចកាត់មន្រ្តីថ្នាក់ស្រុករបស់​គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់ ក្នុងនោះដែរក្រសួងពាណិជ្ជកម្មរបស់យើង​ក៍មានមុខងារ​មួយ​ចំនួនបាន ផ្ទេរទៅឱ្យថ្នាក់ស្រុកសម្រាប់អនុវត្តផងដែរតាមរយៈអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង និងអនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារនិងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ដែល​រួម​មាន​មុខងារ៖ ១-ការចេញលិខិតអនុញ្ញាតធ្វើអាជីវកម្មសេវាកម្ម និងពាណិជ្ជកម្ម ២-ការចេញ​លិខិត​អនុញ្ញាតប្រកបអាជីវកម្ម​លោហធាតុត្បូងថ្ម​មានតម្លៃជា​គ្រឿងអលង្ការគ្រប់ប្រភេទ៣-ការត្រួត​ពិនិត្យ​លើការ​បិទស្លាក​ថ្លៃលើ​មុខទំនិញនិងសេវាគ្រប់ប្រភេទនិងការស្រង់សន្ទស្សន៍​ថ្លៃទំនិញ​ចាំបាច់​ប្រចាំជីវភាពប្រចាំថ្ងៃ ៤-ការ​ស្វែង​រក​ទីផ្សារសម្រាប់​ផលិតផលរបស់​ប្រជាពលរដ្ឋ​ទាក់ទង​និងការងារវិមជ្ឈការនិង​វិសហមជ្ឈការ ក្រសួងក៍បានធ្វើប្រតិភូកម្មការគ្រប់គ្រងការចេញលិខិត​អនុញ្ញត​រៀបចំ​ពិព័រណ៍កម្ម ដែលមានចំនួនស្តង់ចាប់ពី ៥០ស្តង់ចុះឱ្យមកមន្ទីរពាណិជ្ជកម្ម រាជធានី ខេត្ត​អនុវត្ត។
- ក្រសួងពាណិជ្ជកម្មបានកែសម្រួលរចនាសម្ព័ន្ធតាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ បក ចុះថ្ងៃ​ទី១៦ ខែមីនាឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មនេះក៍​ជា​មុខ​មាត់​ថ្មីមួយទៀត សម្រាប់ការរីកចម្រើនរបស់ក្រសួងពាណិជ្ជកម្ម។
- រៀបចំបែងចែកការងារនិងប្រគល់ភារកិច្ចឱ្យទទួលខុសត្រូវដល់ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យនិងមន្ត្រី​ក្រោមឱវាទ ឱ្យសមស្របតាមសមត្ថភាពការងារ។
- រៀបចំផែនការសកម្មភាពការងារផ្អែកតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួង​ពាណិជ្ជកម្ម​ក៏​ដូច​ជា​​ផែន​ការ​សកម្មភាពរបស់មន្ទីរឱ្យបានច្បាស់លាស់។
- ពង្រឹងរបបការងារ បង្កើនការគោរពវិន័យនិងរៀបចំការប្រជុំត្រួតពិនិត្យ​និងវាយតម្លៃ​លទ្ធផល​ការងារ​ប្រចាំ​សប្ដាហ៍ ខែត្រីមាស ឆមាស និងប្រចាំឆ្នាំ ឱ្យបានទៀងទាត់។
- បង្កើនការទំនាក់ទំនង រវាងថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្រោមឱវាទ ធានាឱ្យបាននូវសាមគ្គីភាព ឯកភាព សហការនិងការចូលរួមគ្រប់សកម្មភាព ឱ្យបានល្អ។
- បង្កើនទំនាក់ទំនងជាមួយស្ថាប័នថ្នាក់លើ អង្គភាពមន្ទីរជុំវិញខេត្ត ឱ្យបានល្អ។ ជាពិសេស​ការ​ទទួល​យក​នូវការណែនាំនិងដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីចូលរួម​ចំណែក​ក្នុង​ការដឹកនាំមន្ទីរ​ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រង​វិស័យពាណិជ្ជកម្ម​នៅថ្នាក់​ក្រោម​ជាតិឱ្យបានច្បាស់លាស់​ និងទាន់ពេលវេលា។
- ជានិច្ចជាកាល ត្រូវមានផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការប្រកបដោយគុណភាពក្នុងការ​ចូល​រួម​សកម្មភាពនានា បម្រើឱ្យសង្គមទាំងមូល។
- ត្រូវខិតខំក្ដាប់ឱ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅឯក​ឧត្តម​អភិបាល​​ខេត្តនិងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថានៅក្នុងចក្ខុវិស័យពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានផ្ដោតយកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់
ផលិត​កម្ម​ និងការធានាគុណភាពនៃផលិតផលឱ្យស្របតាមស្ដង់ដាររបស់ទីផ្សារការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់​ការក្លែងបន្លំការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញដើម្បីធានាឱ្យការនាំចេញ។ ក្រសួង​ពាណិជ្ជកម្មនឹងដាក់​ចេញនូវគោលនយោបាយថ្មីៗ ប្រកបដោយទស្សនទានពាណិជ្ជកម្មល្អៗ និងមុតស្រួចជាពិសេសការបើកចំហជើងមេឃ លំហូរដោយសេរីនៃទំនិញ សេវាកម្ម វិនិយោគ​ កម្លាំងពលកម្ម និង​មូលធន។


[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ