ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ស្តីពីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព

ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៥:៤៥ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការនិងជាតំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាង គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)និងក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន​ ខូអិលធីឌី (K.C.C.V PLANTATIONCO., LTD)​ ស្តីពីអភិវឌ្ឍន៍ខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាព នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ពិធីចុះហត្ថលេខានេះ អញ្ជើញចូលរួមដោយ ឯកឧត្តមវ៉ា រុតសាន ប្រធានទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសនិងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដៃគូរអភិវឌ្ឍន៍ ក្រុមកសិករ ផលិតបន្លែសុវត្ថិភាព ព្រមទាំងក្រុមការងារគម្រោងជាច្រើនរូប។

ឯកឧត្តម ប៉ាវ ហេងតារា មានប្រសាសន៍ថា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យបន្លែក្រសួងពាណិជ្ជកម្ម ដែលដឹក​នាំ​ប្រតិបត្តិ​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចបានបង្កើតចង្កោមកសិករផលិតបន្លែសុវត្ថិភាព តាមខេត្ត​គោលដៅ​ចំនួន១៨ ដើម្បីតភ្ជាប់ទីផ្សារនិងសម្របសម្រួលភាពជាដៃគូវិស័យសាធារណៈ-ឯកជន ដើម្បីលើកកម្ពស់ផលិតភាពនិងផលចំណេញលើវិស័យបន្លែ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា អនុស្សារណៈយោគយល់គ្នានឹងបង្កើនកិច្ចសហការ​គ្នាកាន់​តែ​ស៊ី​ជម្រៅ​រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចនិងផ្សារទំនើប និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ​ផលិត​ផល​​កសិ-ពាណិជ្ជកម្មបន្លែសុវត្ថិភាពជាពិសេសជួយសម្របសម្រួលដល់ក្រុមផលិតបន្លែសុវត្ថិភាព​ដោយគាំទ្រ​ផែនការ​ផលិតបន្លែ និងតភ្ជាប់ទីផ្សារ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា​គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច គឺជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជានិងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ហើយត្រូវបាន​ដឹកនាំប្រតិបត្តិ​ដោយ​ក្រសួង​ពាណិជ្ជកម្មនិងមានគោលដៅលើកស្ទួយ វិបុលភាពកសិករខ្នាតតូចកម្ពុជា តាមរយៈបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។ គម្រោងប្រតិបត្តិការនៅ ១៨ខេត្ត និង​អន្តរាគមលើ​ខ្សែ​ច្រវាក់​តម្លៃទំនិញពាណិជ្ជចំនួន៥​ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូង​មី និងសូត្រឆៅ។

លើសពីនេះ គម្រោងសម្របសម្រួលវេទិកាពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែច្រវាក់តម្លៃបន្លែដើម្បី​ដោះស្រាយបញ្ហាប្រឈមក្នុងវិស័យ​នេះ ដូចជា បច្ចេកទេសដាំដុះ ការធ្វើផែនការហិរញ្ញវត្ថុនិងអាជីវកម្មប្រព័ន្ធស្រោចស្រព ឥណទាន និងទីផ្សារ។ ថ្មីៗនេះ គម្រោង​បានសហការជាមួយក្រុមហ៊ុន ខេ.ស៊ី.ស៊ី.វី ផ្លេនថេសិន​ ខូអិលធីឌី ដែលបង្កើតផ្សារទំនើបនៅរាជធានីដើម្បីភ្ជាប់ក្រុមកសិករ​ផលិតបន្លែសុវត្ថិភាព​ពីសហគមន៍​ផលិតផ្ទាល់មកដល់រាជធានីភ្នំពេញ។

គួរកត់សម្គាល់ថា គោលដៅសំខាន់ៗនៃអនុស្សារណៈយោគយល់គ្នានេះរួមមាន កំណត់រកឱកាសសម្រាប់សកម្មភាពរួមគ្នា និងធ្វើជាដៃគូរយុទ្ធសាស្រ្តសម្រាប់ដោះស្រាយបញ្ហាប្រឈមក្នុងបរិបទនៃផលិតកម្មកសិ-ពាណិជ្ជកម្មនិង​បញ្ហាទីផ្សារ និងលើកកម្ពស់មុខទំនិញ / ផលិតផលកសិ-ពាណិជ្ជកម្មនៅមូលដ្ឋានតាមរយៈប្រព័ន្ធទីផ្សារទំនើបនិងការ​ត​ភ្ជាប់​ទីផ្សារ ដើម្បីគាំទ្រដល់កសិករផលិតនៅមូលដ្ឋាន។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ