ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៤:២៥ នាទី រសៀល
👁 0
(កំពង់ធំ)៖ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្មក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនិងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិឆ្លើយតបនឹងគោលអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក ហៀវ វណ្ណាប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី ជំនួសលោក ស៊ុន ហេង (ចូលនិវត្តន៍)ដែលរៀបចំឡើងនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឈន់ ឈុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្ត តំណាងអាជ្ញាធរដែនដី ថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ រួមជាមួយវិស័យឯកជន ជាច្រើននាក់។
ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្ថែមទៀតថាក្រសួងពាណិជ្ជកម្ម បានកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នានិងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។ ទន្ទឹមគ្នានេះក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនិងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើនិងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីស្វែងរកទីផ្សារថ្មីៗបន្ថែមជូនវិស័យឯកជន ពិសេសបងប្អូន ផលិតករ សហគ្រិន និងប្រជាកសិករ ក្នុងការនាំចេញទំនិញ និងផលិតផល ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងចរចាយ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានដឹកនាំក្រុមការងារអន្តរក្រសួងក្នុងការចរចាយ៉ាងសកម្មលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយការចរចានេះនឹងបញ្ចប់នៅខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។ ចំពោះការបង្កើតកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកូរ៉េក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម នឹងពិនិត្យបញ្ចប់ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-កូរ៉េ ហើយត្រៀមចាប់ផ្ដើមការចរចានៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ។ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងារចរចានិងសិក្សាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូដទៃទៀតរួមមាន៖ សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ជប៉ុនឥណ្ឌា ម៉ុងហ្គោលី និងសហរដ្ឋអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំដូចខាងក្រោម៖
ទី១-ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងកម្រិតជំនាញនិងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ថ្មីៗ។
ទី២-ត្រូវចិត្តទុកបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្មនិងសម្រួលដល់ការនាំចេញ។
ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាសេវាសាធារណៈក្រៅផ្លូវការពីផលិតករអាជីវករ។
ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យកាន់តែទូលំទូលាយ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣