ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ម៉ោង ០៦:១០ នាទី ល្ងាច
👁 0
(សៀមរាប)៖ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តសៀមរាប ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.បខេត្តសៀមរាប ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មមន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវគោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចជា៖ ត្រូវខិតខំបំពេញតួនាទីនិងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្មទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិនិងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ ម្យ៉ាងទៀតត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្មឱ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩នេះនិងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្មជាពិសេស ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តទៀតថាមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.បខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទបញ្ញត្តិនានាទាក់ទងនឹងការលើកផ្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារកន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល និងត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្តអនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពីការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។កុំចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើគឺត្រូវចេះម្ចាស់ការដោយខ្លួនឯង។ ម្យ៉ាងទៀតត្រូវពិនិត្យ និងតាមដានតម្លៃទំនិញនិងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។ មួយវិញទៀតក្រសួងពាណិជ្ជកម្មបានធ្វើកែសម្រួលរចនាសម្ព័ន្ធតាមរយៈអនុក្រឹត្យលេខ៣៨ អនក្រ បក ចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដែលបច្ចុប្បន្នក្រុមការងាររបស់ក្រសួងកំពុងរៀបចំប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់នាយកដ្ឋាននីយមួយៗ និងប្រកាស ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តឡើងវិញដើម្បីឱ្យមានលក្ខណៈសមស្របតាមសកម្មភាពការងារពេលបច្ចប្បន្ន ហើយអនុក្រឹត្យថ្មីរនេះ ត្រូវបានកែសម្រួលឈ្មោះអគ្គនាយកដ្ឋាន (កាំកុងត្រូល) មកជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) វិញ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលធ្វើការរំកិលការងារពីច្រកព្រំដែន មកធ្វើការក្នុងប្រទេសវិញ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមទៀតថា ក្រុមការងារកំពុងរៀបចំស្នើសុំការឯកភាពក្នុងការកែសម្រួលរចនាសម្ព័ន្ធថ្មីទៅក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱស្របតាមតួនាទីនិងភារកិច្ចថ្មីរបស់អគ្គនាយកដ្ឋាន។ មួយវិញទៀតក្រសួងបានចេញប្រកាសស្តីពីការគ្រប់គ្រងការចេញលិខិតអនុញ្ញតរៀបចំពិព័រណ៍ពាណិជ្ជកម្មដែលមានចំពោះស្តង់ចាប់ពី៥០ស្តង់ចុះ ឱ្យមកមន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត អនុវត្ត។ ជាពិសេសត្រូវខិតខំក្ដាប់ឱ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនិងរាយការណ៍ទៅឯកឧត្តមអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣