ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ០៧:២៨ នាទី យប់
👁 0
(បាត់ដំបង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំនិងក្រើនរំលឹកឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបាត់ដំបងត្រូវបន្តកិច្ចសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការនិងខិតខំប្រឹងប្រែង បំពេញភារកិច្ច ជូនជាតិ និងប្រជាពលរដ្ឋដោយស្មោះត្រង់។
ការណែនាំ និងក្រើនរំលឹករបស់ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយ
មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តបាត់ដំបងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា
ក.ប.ប ជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.បត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្មដែលជាអង្គភាពរដ្ឋបាលតំណាងឱ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្មនៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។
បន្ថែមពីលើនោះត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្មឱ្យកាន់តែសកម្មថែមទៀតដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋកំឡុងពេលការរាត្បាតនៃជំងឺកូវីដ១៩នេះនិងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានាដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្មតួយ៉ាងដូចជាការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកដែលច្បាប់នេះទើបតែដាក់ឱ្យប្រើប្រាស់ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មកំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដីចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋានស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្តនិងទីតាំងផេ្សងៗទៀតដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេស។ល។និងត្រូវសហការណ៍ជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុករបស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មន្ត្រីមន្ទីរពាណិជ្ជកម្មនិងមន្ត្រីសាខា ក.ប.ប ខេត្ត ត្រូវចេះម្ចាស់ការដោយខ្លួនឯងកុំចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើ។ ជាពិសេសត្រូវពិនិត្យនិងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃដែលចេញដោយក្រសួង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣