ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ១១:៤៨ នាទី ថ្ងៃត្រង់
👁 0
នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អើមេនេហ្គីលដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំនៅកម្ពុជា និងសហការី។
ជាកិច្ចចាប់ផ្ដើមឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវភាពរីករាយ និងការគោរពចំពោះប្រទេស និងប្រជាជនកម្ពុជាជារួមដែលបានចាត់ទុក និងរាប់អានប្រទេស និងប្រជាជនទីម័រខាងកើតជាបងប្អូន ព្រមទាំងបានជួយជ្រោមជ្រែងទីម័រខាងកើតក្នុងគ្រប់វេទិកាទាំងអស់។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនពីសកម្មភាពមួយចំនួនរបស់រដ្ឋាភិបាលទីម័រខាងកើតក្នុងកិច្ចសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ។ក្នុងនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់នូវបំណងក្នុងការនាំចូលអង្ករកម្ពុជាទៅប្រទេសទីម័រខាងកើតដើម្បីផ្គត់ផ្គងទៅទីផ្សារទីម័រខាងកើត ក្រោយពីបញ្ហាជាប់គាំងនយោបាយនៅប្រទេសទីម័រខាងកើតត្រូវបានដោះស្រាយ ហើយក៏បានជម្រាបជូនថា ប្រទេសទីម័រខាងកើតមានកសិផលមួយចំនួនដែលអាចនាំចេញមកទីផ្សារកម្ពុជាផងដែរ។ក្រៅពីនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនថា នៅក្នុងវិស័យប្រេងឥន្ធនៈរបស់ទីម័រខាងកើតគឺកំពុងតែត្រូវការកម្មករ ហើយចំពោះកម្ពុជារដ្ឋាភិបាលទីម័រខាងកើតនឹងផ្ដល់ការងារក្នុងវិស័យនេះចំនួន ៣.០០០កន្លែងជូនដល់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការផ្ដល់ពត៌មានដោយឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើតនិងបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ក្នុងនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងថាកម្ពុជាបានរៀបចំត្រៀមអង្ករចំនួន ៣០.០០០តោនរួចជាស្រេចសម្រាប់នាំចេញទៅប្រទេសទីម័រខាងកើត ហើយស្នើសុំឲ្យសហភាគីទីម័រខាងកើតពិនិត្យលទ្ធភាពនិងផ្ដល់ដំណឹងជូនដល់កម្ពុជាវិញ។ ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងពីអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយនិងស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានសម្ដែងការស្វាគមន៍ដល់វិស័យឯកជននៃប្រទេសទីម័រខាងកើត បើករោងចក្រកិនស្រូវនៅកម្ពុជាដើម្បីនាំចេញអង្ករទៅទីម័រខាងកើតវិញផងដែរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣