ថវិកាចំនួន ៣៨,៥០១,០០០រៀល និង៣៥០ដុល្លា ត្រូវបាន​ក្រសួងពាណិជ្ជកម្ម​ប្រគល់ជូន​កាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ

ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០១:០១ នាទី រសៀល

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាតំណាងរបស់ ឯកឧត្តម ប៉ានសូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បាននាំយកថវិកាចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លា ​ប្រគល់ជូន​កាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ។

 

ពិធីប្រគល់ទទួលនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ​នៅទីស្នាក់ការកណ្តាល​កាកបាទក្រហមកម្ពុជា​ ក្នុងកម្មវិធី​សំណេះសំណាល​ការងារ​រវាងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​កាកបាទក្រហមកម្ពុជា និង ឯកឧត្តម ប៉ាវ ហេងដារ៉ារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការមួយចំនួនទៀត។

 

ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ​ បានឱ្យដឹងថាថវិកាដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជាក្នុងឆ្នាំនេះ គឺមានចំនួន ៣៨,៥០១,០០០រៀលនិង៣៥០ដុល្លា ដែលបានពីការ​ចូល​រួម​​​ដោយស្ម័គ្រចិត្ត​ពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃក្រសួងពាណិជ្ជកម្ម។

 

​ឯកឧត្តមរដ្ឋលេខាធិការបាន​លើក​ឡើងថានេះជាលើកទី១៥ហើយដែលក្រសួងពាណិជ្ជកម្ម​បាននាំយក​ថវិកា​របស់​ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃ​ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែក​ជាមួយសកម្មភាពមនុស្សធម៌​របស់​កាកបាទ​ក្រហម​កម្ពុជា​ក្នុងការ​បរិច្ចាគ​ដោយសទ្ធាជ្រះថ្លា និងទឹកចិត្តសប្បុរស ហើយនេះ​ក៏ជាវប្បធម៌​នៃការចែករំលែកគ្នាក្នុងគ្រាក្រគ្រាលំបាកផងដែរ។

 

ជាការឆ្លើយតបលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ដែលបានយកចិត្ត​ទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ដែលសរបញ្ជាក់អោយ​ឃើញពី​ទឹកចិត្ត​​​​ដ៏សប្បុរសធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះនិងងាយរងគ្រោះបំផុត។

 

លោកជំទាវអគ្គលេខាធិការបានបន្ថែមទៀតថាកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននឹងប្រើប្រាស់នូវថវិកានេះឱ្យចំគោល​ដៅ​ មិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរនិងនិន្នាការនយោបាយឡើយ ស្របតាមគោលការណ៍​គ្រឹះទាំង៧​ប្រការ​របស់ចលនា​អន្តរជាតិ​កាកបាទ​ក្រហមអឌ្ឍចន្ទក្រហម។

 

លោកជំទាវអគ្គលេខាធិការក៏បានប្រគល់ជូននូវលិខិត​ថ្លែងអំណរគុណ​​និងជូនពរ​ដល់ថ្នាក់ដឹកនាំ និង​មន្រ្តីរាជការ​ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម  សូមឱ្យជួបប្រទះ​នូវពុទ្ធពរ​ទាំង៤​ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេស សូមឱ្យចាកផុតពីជំងឺកូវីដ-១៩ ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ