រដ្ឋមន្ត្រីពាណិជ្ជកម្មអញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមមាន់ស្រែនៅខេត្តកំពត
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៧:៤០ នាទី យប់
👁 70
(កំពត)៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើទស្សនកិច្ចកសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែងនៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ដើម្បីសិក្សាស្វែងយល់ពីការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ និងការតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍)។ ទស្សនកិច្ចនេះត្រូវបានចូលរួមដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីមន្ទីរនានាជុំវិញខេត្តកំពតផងដែរ។
បន្ទាប់ពីម្ចាស់កសិដ្ឋានបានបង្ហាញអំពីខ្សែច្រវ៉ាក់តម្លៃមាន់ស្រែរួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានដ៏ធំមួយនេះ ដើម្បីផលិត និងផ្គត់ផ្គង់តម្រូវការមាន់ស្រែទាំងទីផ្សារនៅក្នុងខេត្ត និងក្រៅខេត្ត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែមានប្រសិទ្ធភាពខ្ពស់ គម្រោងអេមស៍ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងវិស័យនេះ ត្រូវសហការគ្នាធ្វើឱ្យមានដំណើរការល្អក្នុងខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ ដើម្បីជាផលប្រយោជន៍ដល់តួអង្គទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃរួមទាំងអ្នកផលិតខ្នាតតូចផងដែរ។
ដោយមើលឃើញសក្ដានុពលពង្រីកផលិតកម្ម និងទីផ្សាររបស់កសិករ គម្រោងអេមស៍បានសម្រេចជ្រើសរើសយកក្រុមហ៊ុន៣ភីអិលអ៊ីហ្វាម ឯ.ក (3PLE FARMS) សម្រាប់ធ្វើទស្សនកិច្ចនៅថ្ងៃនេះ ដើម្បីស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់តម្លែផលិតកម្មមាន់សាច់របស់ក្រុមហ៊ុន ដកស្រង់យកបទពិសោធន៍ល្អៗ និងឈានទៅរកកិច្ចសហប្រតិបត្តិការក្នុងរូបភាពណាមួយជាមួយក្រុមហ៊ុនក្នុងស្មារតីភាពជាដៃគូការវិនិយោគលើវិស័យសាធារណៈ និងឯកជន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនបញ្ជ្រាបកសិកររបស់គម្រោងអេមស៍ទៅក្នុងទីផ្សារ សក្តានុពលដែលមានស្រាប់របស់ក្រុមហ៊ុន តាមរយៈផែនការយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ដើម្បីបង្កើនប្រាក់ចំណូលដល់កសិករខ្នាតតូចដែលរស់នៅក្នុងសហគមន៍ក្បែរៗក្រុមហ៊ុន និងបើកច្រកទីផ្សារមាន់ស្រែបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពកសិករខ្នាតតូចកម្ពុជា។ មួយវិញទៀតគម្រោងអេមស៍ នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនក្នុងការស្វែងរកហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម ជាពិសេសក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិ គម្រោងអេមស៍ នឹងទំនាក់ទំនងជាមួយក្រុមហ៊ុនដើម្បីអញ្ជើញចូលរួមពិព័ណ៍ភូមិមួយផលិតផលមួយ និងកម្មវិធីយុទ្ធនាការទិញផលិតផលខ្មែរ។
បើតាមមតិរបស់ ឯកឧត្តម ចាន់ សុខទី នាយកគម្រោងអេមស៍ បានឱ្យដឹងថា គម្រោងអេមស៍បានចងក្រងក្រុមកសិករផលិតមាន់ស្រែបានចំនួន ៩០៦គ្រួសារ ចែកចេញជា ២១ក្រុមកសិករផលិត នៅខេត្តកំពត។ កសិករក្នុងក្រុមមានសមត្ថភាពផលិតមាន់ស្រែបានជាង ៥តោនក្នុងមួយខែ។ ទីផ្សារនៅក្នុងខេត្ត អាចស្រូបយកមាន់ស្រែបានប្រមាណ៧០% នៃផលិតផលសរុប និងទីផ្សារដទៃទៀតអាចស្រូបយកបានប្រមាណ៣០%។ គម្រោងអេមស៍មានប្រតិបត្តិការនៅ ១៨ខេត្ត និងគាំទ្រខ្សែច្រវ៉ាក់តម្លៃផលិតផល ៥ប្រភេទដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូងមី និងសូត្រឆៅ។ អ្នកទទួលផលគោលដៅផ្ទាល់របស់គម្រោង គឺជាគ្រួសារកសិករខ្នាតតូចរួមមានកសិករក្រីក្រ និងស្ថានភាពជិតក្រីក្រចំនួន ៧៥ ០០០ គ្រួសារ ដែលស្ម័គ្រចិត្តសហការជាមួយសកម្មភាពគម្រោងតាមរយៈការ ចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ។ ក្រុមអ្នកទទួលផលគោលដៅបន្ទាប់ រួមមាន សហគមន៍កសិកម្ម អង្គការកសិករ សហគ្រាសធុនតូច និងមធ្យម កសិពាណិជ្ជកម្ម សហគ្រាសសេវាកម្ម និងសមាគមឧស្សាហកម្មជាដើម។