ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿង សម្រាប់នាំចេញ នៅខេត្តកំពត

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៨:៣៩ នាទី យប់

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(កំពត)៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចុះទស្សនកិច្ចកសិដ្ឋានផលិតចេកអំបូងលឿងមួយកន្លែងសម្រាប់នាំចេញរបស់ក្រុមហ៊ុន Longmate Agriculture Co., Ltd នៅស្រុកឈូក ខេត្តកំពត ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្ម រចនាសម្ព័ន្ធវេចខ្ចប់ និងការកែច្នៃសម្រាប់នាំចេញ។ ទស្សនកិច្ចនេះត្រូវបានចូលរួមដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីមន្ទីរនានាជុំវិញខេត្តកំពតផងដែរ។


ក្នុងដំណើរចុះទៅពិនិត្យសិដ្ឋានផលិតចេកអំបូងលឿង នៅចុងសប្តាហ៍នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានដ៏ធំនេះឡើង ហើយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីធ្វើការកែច្នៃសម្រាប់ទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសគឺសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត កសិដ្ឋាននេះបានចូលរួមចំណែកក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរៗកសិដ្ឋានផងដែរ។


នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កសិករ ផលិតករ សហគមន៍ សមាគម និងក្រុមហ៊ុន ផលិតចេកអំបូងលឿង ត្រូវប្រកាន់ភ្ជាប់ និងអនុវត្តតាមសៀវភៅបន្ទុក ដូចជាការផលិតមានអនាម័យខ្ពស់ ការវេចខ្ចប់ ការរក្សាទុក និងមិនប្រើប្រាស់សារធាតុគីមីហាមឃាត់ជាដើម ដើម្បីធានាទាំងគុណភាព និងអនាម័យខ្ពស់ ដែលមិនប៉ះពាល់សុខភាពអ្នកបរិភោគ និងរក្សាកំណើនបរិមាណនាំចេញ។


ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យបុគ្គលិកបម្រើការងារក្នុងកសិដ្ឋានទាំងអស់ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ និងបង្កើនភាពប្រុងប្រយ័ត្ន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន ក្នុងការធានាដល់គុណភាព និងនិរន្តរភាពនៃទីផ្សារ ហើយក៏ជាប្រយោជន៍ដល់ខ្លួនឯងផងដែរ ក្នុងការធានាដល់ការរក្សាការងារ និងបង្កើនសមត្ថភាពខ្លួនឲ្យកាន់តែមានភាពរីកចម្រើន និងទូលំទូលាយ។


សូមជម្រាបថាក្រុមហ៊ុន Longmate Agriculture Co., Ltd គឺជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងកម្ពុជា-ចិន បានធ្វើការវិនិយោគដាំចេកអំបូងលឿង លើផ្ទៃដី ៤ ០០០ ហិកតា ក្នុងស្រុកឈូក ខេត្តកំពត និងចាប់ដំណើរការផលិតកម្មចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៧ ហើយនៅខែកមរា ឆ្នាំ២០១៩ ក្រុមហ៊ុបានធ្វើការនាំចេញជាលើកដំបូងទៅទីផ្សារ។

តាមតួលេខរបស់ក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញចេកចំនួន ១៥.៥៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៥៩,៣៣៦,៨៥៤ ដុល្លារ ទៅកាន់ទីផ្សារ អាស៊ី និងអូសេអានី។ នៅឆមាសទី១ ឆ្នាំ២០២០នេះ ការនាំចេញចេកមានចំនួន ១៤.២០៤ ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ៦៨,៥៦២,៧៩៣ ដុល្លារ និងមានទិសដៅនាំចេញទៅកាន់អឺរ៉ុប អាស៊ី អូសេអានី និងទីផ្សារដ៏សំខាន់មួយទៀតគឺប្រទេសចិន។ យោងតាមប្រភពព័ត៌មានក្នុងស្រុកបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសចិនបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៩ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចនាំចេញផ្លែចេកទៅកាន់ប្រទេសចិនបាន៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ