ក្រសួងពាណិជ្ជកម្មអនុម័តជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៥:២៣ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យនិងអនុម័តនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy)ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនានាព្រមទាំងបានប្រកាសអនុម័តជាផ្លូវការលើយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្មនិងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់និងសកលលោកផងដែរ។

 

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលជាវិស័យថ្មីមួយប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងដោយមានលក្ខណៈប្រទាក់ក្រឡានិងឆ្លើយតបទៅនឹងអនុសាសន៍ដែលមានកំណត់ក្នុងឯកសារយុទ្ធសាស្ត្រទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ដូចជាយុទ្ធសាស្ត្រ និងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តតាមវិស័យរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

 

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថាយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវស្របពេលដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងបម្រើជាមូលដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសក្នុងការការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អតិថិជនក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក៏ដូចជាទាក់ទាញវិយោគិនទាំងក្នុង និងក្រៅប្រទេសដើម្បីវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជា។ម្យ៉ាងវិញទៀត ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យសហគ្រាស និងអាជីវកម្មជាច្រើនឲ្យងាកមកប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីរក្សាបានដំណើរការអាជីវកម្មរបស់ខ្លួន ហើយទំនោរនេះ ប្រាកដជាមិនសាបរលាបទៅវិញទេហើយថែមទាំងមានកំណើនរឹតតែខ្លាំងឡើងនាពេលអនាគតទោះបីជាការរាតត្បាតមានភាពស្រាកស្រាន្តក៏ដោយ។ ដូច្នេះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងពង្រឹងរឹតតែខ្លាំងឡើងនូវការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដោយហេតុថា ឯកសារយុទ្ធសាស្រ្តនេះបានផ្តល់គំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាពនិងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលមានលក្ខណៈសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថលនិងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ១៩ ផង។

 

សូមជម្រាបជូនថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខណ្ឌពង្រឹងសមាហរណកម្ម(Enhanced Integrated Framework – EIF)តាមរយៈការពិភាក្សាយ៉ាងទូលំទូលាយជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធវិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ