ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ម៉ោង ០៥:៤៧ នាទី ល្ងាច

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(ភ្នំពេញ)៖ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានកម្ពុជា បានចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ជប៉ុន ឆ្លើយតបទៅនឹងកូវីដ-១៩ ដែលរៀបចំឡើងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម ត្រាន់ ទ័នអាន់ (Tran Tuan Anh) រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងជប៉ុន និងអគ្គលេខាធិការអាស៊ានផងដែរ។ 

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់ពីស្ថានភាពនៃកូវីដ-១៩ នៅក្នុងតំបន់ ចែករំលែកពីវិធានការនានាក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងពិភាក្សាពីការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាលទ្ធផល កិច្ចប្រជុំបានអនុម័តលើ “ផែនការសកម្មភាពក្នុងការពង្រឹងសេដ្ឋកិច្ចអាស៊ាន-ជប៉ុន” ដែលផែនការនេះផ្តោតសំខាន់លើការថែរក្សាទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធរវាងអាស៊ាន និងជប៉ុន កាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ចបណ្តាលមកពីមេរោគកូវីដ-១៩ និងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវលើថ្នាំពេទ្យ និងវ៉ាក់សាំង ការរក្សាការបើកចំហទីផ្សារ ក៏ដូចជាការធានានូវលំហូរស្បៀង និងទំនិញក្នុងតំបន់។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យមានការសហការគ្នាឱ្យកាន់តែជិតស្និទ្ធលើកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លុបបំបាត់របាំងពាណិជ្ជកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីស្តារឡើងវិញនូវទំនុកចិត្តរបស់វិស័យធុរកិច្ច និងអតិថិជន។ ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអង្គប្រជុំពីវិធានការដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ និងបានថ្លែងអំណរគុណដល់ជប៉ុន ដែលបានជួយដល់កម្ពុជាក្នុងការទប់ទល់នឹងកូវីដ-១៩ តាមរយៈជំនួយបច្ចេកទេស និងបរិក្ខារពេទ្យជាដើម។ 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ