រដ្ឋមន្ដ្រីពាណិជ្ជកម្ម ណែនាំឱ្យមន្ត្រីទាំងអស់ត្រូវខិតខំអនុវត្តការងារ មានភាពម្ចាស់ការ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ម៉ោង ១០:៣៩ នាទី យប់
👁 0
(កោះកុង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុងទាំងអស់ ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។
ការណែនាំ និងក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពេលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។
ឯកឧត្តមរដ្ឋមន្ត្រីជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ និងត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថាច្បាប់ការពារអ្នកប្រើប្រាស់ បានចូលជាធរមានហើយ រីឯឯកសណ្ឋានថ្មី របស់ ក.ប.ប. ក៏ត្រូវបានអនុម័តរួចហើយដែរ ហេតុនេះមន្ត្រី ក.ប.ប. ទាំងអស់ត្រូវខិតខំអនុវត្តតួនាទីឲ្យបានខ្ជប់ខ្ជួន និងមានប្រសិទ្ធភាពខ្ពស់ ព្រោះយើងជាមន្រ្តីនគរបាលយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខាក.ប.ប.ខេត្តទាំងអស់ ត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង និងតាមដានការប្រកបអាជីវកម្ម ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ ហើយត្រូវរៀបចំបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យទទួលខុសត្រូវដល់ ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យ និងមន្ត្រីក្រោមឱវាទ ឲ្យសមស្របតាមសមត្ថភាពការងារ និងត្រូវរៀបចំផែនការសកម្មភាពការងារ ផ្អែកតាមផែនការយុទ្ធសាស្រ្ដរបស់ក្រសួងពាណិជ្ជកម្មក៏ដូចជាផែនការសកម្មភាពរបស់មន្ទីរ ឲ្យបានច្បាស់លាស់។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យមន្ត្រីទាំងអស់ពង្រឹងរបបការងារ បង្កើនការគោរពវិន័យ និងរៀបចំការប្រជុំត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលការងារជាប្រចាំ ពិសេសត្រូវបង្កើនទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ក៏ដូចជាស្ថាប័នផ្សេងៗទៀតនៅជុំវិញខេត្តផងដែរ ជាពិសេសត្រូវខិតខំក្ដាប់ឲ្យបាននូវបញ្ហាប្រឈមនានាដែលពាក់ព័ន្ធ និងរាយការណ៍ទៅលោកជំទាវអភិបាលខេត្ត និងក្រសួងដើម្បីមានវិធានការដោះស្រាយបានទាន់ពេលវេលា។