ឯកឧត្តម ស៊ាង ថៃ តំណាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន-អូសិនីក លើកទី១ “INDO ASEAN Oceanic Business Summit and Expo” តាមប្រព័ន្ធវីដេអូ

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ម៉ោង ០៩:៤៦ នាទី ព្រឹក

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
(ភ្នំពេញ) កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០, ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន -អូសិនីក លើកទី១ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចក្នុងតំបន់» ដែលរៀបចំឡើងដោយ សហព័ន្ធឧស្សាហកម្មឥណ្ឌា (CII) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍នេះមានការចូលរួមផងដែរ ពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងបណ្ដាប្រទេសនៅតំបន់មហាសមុទ្រដូចជា Fiji និង ណូវែលហ្សេឡង់ ជាដើម។ នាឱកាសថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ និងមានមតិចូលរួមដូចខាងក្រោម៖

១- ជម្រាបជូនអង្គពិធី ពីវឌ្ឍនភាពនៃចំណាត់ការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ (Covid-19) ដោយទប់ស្កាត់មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ ដែលផ្តល់នូវសុខសុវត្ថិភាពដល់ប្រជាជន វិនិយោគិន និងធុរកិច្ចជននៅក្នុងប្រទេសកម្ពុជា។

២- សង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងភាគីឥណ្ឌា ជាពិសេសលើទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម។ បញ្ជាក់ពីការវិវឌ្ឍននៃការធ្វើពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងជាលំដាប់គួឲ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ ២០១៧ មានចំនួន ១២៨លានដុល្លាអាមេរិក កើនដល់ ២៧១លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។ ក្នុងនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីបំណងរបស់កម្ពុជា និងឥណ្ឌា ក្នុងការសិក្សាពីលទ្ធភាពក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដែលកិច្ចព្រមព្រៀងនេះនឹងចូលរួមជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

៣- អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និតរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ប្រទេសជាសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយមនិងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជននឹងធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យម (SMEs)។  

៤- បញ្ជាក់ជូនអង្គពិធីនូវផែនការជាយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការសំដៅធ្វើសមាហរណកម្ម និងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចតំបន់ ដែលនឹងជួយជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងឱកាសការងារ។ ផែនការទាំងនោះរួមមាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសក្តានុពល បន្តការចរចាឲ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដែលមានស្រាប់ក្រោមក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក អាស៊ាននិងដៃគូអាស៊ាន និងរៀបចំវេទិកាធុរកិច្ចនិងពិពរណ័ពាណិជ្ជកម្ម ។ល។

៥- និង ជម្រាបជូនពីការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅបង្កើតបរិយាកាសល្អប្រសើរក្នុងការធ្វើអាជីវកម្មនិងវិនិយោគ ការកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម សម្រួលពាណិជ្ជកម្ម បង្កើនលទ្ធភាពប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងដើម្បីចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល។

អត្ថបទដោយ៖ នាយកដ្ឋានកិច្ចការពិព័រណ៍

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ