ឯកឧត្តម ស៊ាង ថៃ តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបប្រជុំពិភាក្សាការងារជាមួយសមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ម៉ោង ០៧:០៦ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)
ទីស្តីការក្រសួងពាណិជ្ជកម្ម៖ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ (Pierre-André Romano) សមាជិកចូលរួមក្រុមប្រឹក្សាយោបល់ Beyond Retail Business-BRB និងជាសមាជិកក្រុមប្រឹក្សាយោបល់នៃសមាគមសិប្បករកម្ពុជា (Artisans Association of Cambodia) និង សហការី។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងស្វែងរកវិធីជួយជំរុញសកម្មភាពទីផ្សារចំពោះផលិតផលក្នុងស្រុកដែលផលិតដោយសហគ្រាសខ្នាតតូច និងមធ្យមក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈជួយស្រោចស្រង់សិប្បករកម្ពុជា បន្ទាប់ពីជំងឺកូវីដត្រូវបានគ្រប់គ្រងនាពេលខាងមុខ។ 

នៅក្នុងកិច្ចប្រជុំនេះ លោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ បានជម្រាបជូនថា ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យភ្ញៀវទេសចរមានការថយចុះ ដូច្នេះសមាគមមានបំណងចងក្រងសិប្បករជាក្រុមឡើងវិញ ដើម្បីរួមគ្នាធ្វើពិពិធកម្មទីផ្សារ ទាំងទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ការលក់ដុំ និងលក់រាយទៅកាន់អតិថិជននៅក្រៅតំបន់ទេសចរណ៍ផងដែរ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រសួង បាននិងកំពុងអនុវត្តន៍ការងារជាច្រើនក្នុងការកសាងបរិស្ថានអាជីវកម្មឲ្យកាន់តែប្រសើរឡើង។ ក្រសួងក៏មានសកម្មភាព និងកំពុងអនុវត្តន៍គម្រោងជាច្រើនដើម្បីជួយដល់វិស័យឯកជនដែលធ្វើធុរកិច្ចនៅកម្ពុជា ជាពិសេសផលិតកម្មក្នុងស្រុក ដូចជា ការរៀបចំយុទ្ធនាការទិញផលិផលខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច និងកិច្ចការជាច្រើនទៀតជាប់ពាក់ព័ន្ធនឹង ចលនាភូមិមួយផលិតផលមួយ ដូចជាគម្រោងរៀបចំបង្កើតមជ្ឈមណ្ឌលស្មូនដីកម្ពុជានៅខេត្តកំពង់ឆ្នាំង ចម្កាក់ប្រាក់ស្ពាន់នៅខេត្តកណ្តាល និងចម្លាក់ថ្មកែវនៅខេត្តពោធិ៍សាត់ជាដើម..  ដូច្នេះការងារដែលលើកឡើងដោយ សមាគម គឺស្របទៅនឹងគោលការណ៍របស់ក្រសួងផងដែរ។ ក្រសួងពាណិជ្ជកម្ម គាំទ្រគំនិតផ្ដួចផ្ដើមនេះ ហើយបានលើកជាយោបល់ឲ្យសមាគម ធ្វើការបន្តជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រដល់ផលិតករ និងសិប្បករខ្មែរ ដូចជាការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនានា។ ក្រៅពីនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំដល់សមាគមសិប្បករកម្ពុជា ដើម្បីឲ្យទំនិញក្នុងស្រុកមានការប្រកួតប្រជែងជាមួយទំនិញនាំចូល សិប្បករ និងផលិតករត្រូវផ្តោតសំខាន់លើគុណភាពផលិតផល ការវេចខ្ចប់ និងតម្លៃ។

ជាលទ្ធផល ភាគីទាំង២ បានឯកភាពធ្វើការរួមគ្នា ដើម្បីអភិវឌ្ឍន៍សិប្បករកម្ពុជា ដោយលោក ព្យែរអង់ដ្រេ រ៉ូម៉ាណូ នឹងជួយរៀបចំផែនការមេដើម្បីស្វែងរកជំនួយបច្ចេកទេសពីដៃគូនានា រួមទាំងការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតជំនាញអភិវឌ្ឍន៍ផលិតផល រីឯ ក្រសួងពាណិជ្ជកម្ម ជួយគាំទ្រផ្នែកស្មារតី រៀបចំលិខិតបទដ្ឋានគតិយុត្តិ រៀបចំរចនាសម្ព័ន្ធទីផ្សារ និងផ្តល់សេវាជំរុញពាណិជ្ជកម្ម។ គោលដៅនៃគម្រោងសាកល្បងដែលនឹងត្រូវរៀបចំគឺ វិស័យស្មូនដីកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ។

អត្ថបទដោយ៖ នាយកដ្ឋានកិច្ចការពិព័រណ៍
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ