ក្រសួងពាណិជ្ជកម្ម រៀបចំប្រទីបចូលរួមពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩

ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ១០:០៩ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ បានរៀបចំនូវប្រទីបរបស់ក្រសួង ចូលរួមបណ្តែតប្រទីបក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិនេះ ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទីបរបស់ក្រសួងពាណិជ្ជកម្ម មាននិម្មិតសញ្ញា និងខ្លឹមសារដូចខាងក្រោម៖

១-រូបនាគទាំងគូ រំលេចដោយភ្លើងពណ៌ពីក្បាលរហូតដល់កន្ទុយនាគជាទម្រ នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យឆន្ទៈមោះមុតអង់អាចក្លាហាន និងបង្ហាញពីភាពសម្បូណ៌ដោយប្រភពទឹកសម្រាប់វិស័យកសិកម្ម ហើយនឹងភាពជោគជ័យជានិច្ចនៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការកសាងសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពរីកចម្រើនលូតលាស់ឥតឈប់ឈរ។

២-នៅពីលើរូបនាគ មានផែនទីនៃព្រះរាជាណាចក្រកម្ពុជា ព័ទ្ធខណ្ឌសីមាដោយភ្លើងពណ៌លឿងតំណាងឱ្យអធិបតេយ្យភាព បូរណភាពទឹកដី និងភាពរុងរឿង នៃទឹកដីសុវណ្ណភូមិ។

៣-នៅក្នុងផែនទីមានរំលេចភ្លើងពណ៌ខៀវ នៃដងទន្លេមេគង្គ និងបឹងទន្លេសាប តំណាងឱ្យទឹកដីដែលពោរពេញដោយបឹង ទន្លេ សមុទ្រ ទ្រទ្រង់សម្បត្តិធម្មជាតិ និងភោគផលសម្បូរបែប។

៤-នៅចំកណ្តាលផែនទីមានស្លាកសញ្ញាក្រសួងពាណិជ្ជកម្ម តំណាងឱ្យស្ថាប័នកសាងគោលនយោបាយអាហរ័ណ-នីហរ័ណ បម្រើទីផ្សារក្នុង និងក្រៅប្រទេស សម្រាប់រួមចំណែកជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនតាមការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ឆ្ពោះទៅបម្រើជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។

៥-នៅខាងឆ្វេងដៃផ្នែកខាងលើនៃផែនទី មានរំលេចដោយកុំព្យូទ័រ ដោយមានពាក្យ Online (ស្វ័យប្រវត្តកម្ម) គឺបង្ហាញពីការកែទម្រង់ក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈស្វ័យប្រវត្តកម្ម ដូចជា ការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O), ការចុះបញ្ជីពាណិជ្ជកម្ម និងការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាដើម។

៦-មានខ្សែភ្លើងចម្រុះពណ៌ ហើយព្រួញបាញ់ទៅខាងក្រៅប្រទេស គឺជាការបង្ហាញអំពីការនាំចេញនូវផលិតផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកាតព្វកិច្ចរបស់ខ្លួន ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។ ភ្ជាប់ជាមួយភ្លើងព្រួញសញ្ញានេះ មានឈ្មោះប្រទេស និងឈ្មោះតំបន់មួយចំនួនដែលបានរំលេចដោយភ្លើងពណ៌ គឺក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីទីផ្សារដ៏មានសក្តានុពលបំផុតរបស់កម្ពុជា ជាពិសេសទីផ្សារនាំចេញផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ដែលវិស័យនេះ កំពុងតែមានការរីកចម្រើន ហើយជួយឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើប្រមាណជាង ១លាននាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

៧-នៅខាងស្តាំ និងខាងឆ្វេងដៃផ្នែកខាងក្រោមនៃផែនទី គឺមានរំលេចបង្គោលភ្លើងចំនួន៦ គឺជាការឆ្លុះបញ្ចាំងអំពីតួលេខនាំចូល និងនាំចេញ គិតតាំងពីឆ្នាំ២០១៦/២០១៧/២០១៨។ តួលេខនាំចូល និងនាំចេញ ៣ឆ្នាំចុងក្រោយមានទំហំទឹកប្រាក់ ដូចខាងក្រោម៖

-ការនាំចេញ

២០១៦= ១០.០៧ ពាន់លានដុល្លារ

២០១៧= ១១.១៤ ពាន់លានដុល្លារ

២០១៨= ១២.៧១ ពាន់លានដុល្លារ

-ការនាំចូល

២០១៦= ១២.៣៧ ពាន់លានដុល្លារ

២០១៧= ១៥.៤១ ពាន់លានដុល្លារ

២០១៨= ១៧.៣៩ ពាន់លានដុល្លារ

ប្រទីបរបស់ក្រសួងពាណិជ្ជកម្ម បានបណ្តែតកំពុងលឿនលយបង្ហាញពីសកម្មភាព និងស្នាដៃរបស់ក្រសួងពាណិជ្ជកម្ម ដែលមានការរីកចម្រើនឥតឈប់ឈរ ដើម្បីរួមចំណែកកសាងមាតុភូមិអង្គរនៃយើងឱ្យឈានទៅកាន់ភាពសម្បូររុងរឿង ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

អត្ថបទ និងរូបភាព៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ