ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម៉ោង ០៩:៥២ នាទី យប់
👁 1
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំ
គណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានជាមួយដៃគូ តាមប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៧-២៩ ខែសីហា ឆ្នាំ២០២០ និងទទួលបានលទ្ធផលដូចខាងក្រោម៖
១. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចិនលើកទី១៩
កិច្ចពិគ្រោះយោបល់បានអនុម័តលើជំហានបន្ទាប់ដើម្បីអនុវត្តឱ្យបានពេញលេញនូវការងារដែលនៅសេសសល់ក្នុង
កម្មវិធីការងារនាពេលអនាគត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិន (ACFTA) និងបានបញ្ជាក់ពី
សារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជម្រុញពាណិជ្ជកម្មនិងការវិនិយោគដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយសារផលប៉ះពាល់នៃកូវីដ-១៩ ដោយបន្តរក្សាខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និង
ពិភពលោក កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការឆ្លងកូវីដនិងកសាងតំបន់សេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។
២. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - សហរដ្ឋអាមេរិក
កិច្ចពិគ្រោះយោបល់បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តការរៀបចំក្របខណ្ឌពាណិជ្ជកម្មនិងវិនិយោគអាស៊ាន- សហរដ្ឋអាមេរិក(TIFA) និងផែនការការងារ E3 និងជម្រុញការអនុវត្តគម្រោងសកម្មភាពនៅក្រោមក្របខណ្ឌ TIFA ២០២០-២០២១ ដែលផ្តោតលើពាណិជ្ជកម្មឌីជីថល តម្លាភាព និងការអនុវត្តបទប្បញ្ញត្តិ កិច្ចសន្ទនាពាណិជ្ជកម្មនិងបរិស្ថាន ច្រកចេញចូលតែមួយអាស៊ាន ការសម្របសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍន៍ MSME ជាដើម។ ក្នុងកិច្ចពិគ្រោះយោបល់នេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើអនុសាសន៍របស់ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋ
អាមេរិក-អាស៊ានក្នុងការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីកូវីដ-១៩តាមរយៈពាណិជ្ជកម្មឌីជីថល និងការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្វាគមន៍ការវិនិយោគរបស់សហរដ្ឋ
អាមេរិកក្នុងអាស៊ាន ដោយកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធដើម្បីជំរុញពាណិជ្ជកម្ម និងផលប្រយោជន៍រវាងភាគីទាំងពីរ។
៣. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន - ហុងកុង (ចិន) លើកទី៤
កិច្ចពិគ្រោះយោបល់បានឯកភាពលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ហុងកុងតាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ហុកកុង (AHKFTA) និងកិច្ចព្រមព្រៀងវិនិយោគអាស៊ាន - ហុកកុង (AHKIA) ។ រដ្ឋមន្រ្តីទាំងអស់រំពឹងថាការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងទាំងពីរនៅចុងឆ្នាំ ២០២០ នឹងពង្រឹងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគរវាងភាគីទាំងពីរ។
៤. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន -ជប៉ុន លើកទី២៦
កិច្ចពិគ្រោះយោបល់បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពពង្រឹងសេដ្ឋកិច្ចអាស៊ាន -ជប៉ុន ក្នុងការឆ្លើយតបនឹងកូវីដ-១៩ ដែលផ្តោតលើគំនិតផ្តូចផ្តើមចំនួន៣ រួមមាន៖ (១) រក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធរវាងអាស៊ាននិងជប៉ុន (២) កាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ មកលើសេដ្ឋកិច្ច និង (៣) ពង្រឹងភាពរឹងមាំនៃសេដ្ឋកិច្ច។ កិច្ចពិគ្រោះយោបល់ក៏រំពឹងផងដែរថា ការអនុវត្តពេញលេញនៃពិធីសារទី ១ ដែលធ្វើវិសោធនកម្មបញ្ចូលជំពូកពាណិជ្ជកម្មសេវាកម្ម និងវិនិយោគទៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុន នឹងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន - ជប៉ុនកាន់តែទូលំទូលាយ ជាពិសេសសម្រាប់អ្នកផ្តល់សេវាកម្មនិងវិនិយោគិនដើម្បីពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់។
៥. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន -រុស្ស៊ី លើកទី៩
កិច្ចពិគ្រោះយោបល់បានពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត(១)កម្មវិធីការងារកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិង
វិនិយោគអាស៊ាន - រុស្ស៊ីក្រោយឆ្នាំ ២០១៧ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាននៅក្នុងបច្ចេកវិទ្យាឌីជីថលនិងហេដ្ឋារចនាសម្ព័ន្ធ និង (២) កម្មវិធីសហប្រតិបត្តិការអាស៊ាន-គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០១៩-២០២០ ។ ដើម្បីស្វែងរកសក្តានុពលពាណិជ្ជកម្មវិនិយោគនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងតំបន់ទាំងពីរ កិច្ចពិគ្រោះយោបល់បានសម្រេចពន្យារការអនុវត្តកម្មវិធី
សហប្រតិបត្តិការអាស៊ាន-EEC ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រហូតដល់ឆ្នាំ ២០២៥ ។
៦. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២៣
កិច្ចពិគ្រោះយោបល់បានអនុម័តលើផែនការសកម្មភាពអាស៊ានបូកបី (ASEAN Plus Three Plan of Action) ស្តីពីការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីការរីករាលដាលនៃកូវីដ-១៩ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងអាស៊ាននិងបណ្តាប្រទេសបូកបី ដើម្បីត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្ននា ពេលអនាគតក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញក្រោយកូវីដ-១៩។ កិច្ចពិគ្រោះយោបល់ក៏បានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឱ្យបានរួចរាល់ក្នុងឆ្នាំ ២០២០ ដើម្បី
ស្តារទំនុកចិត្តរបស់វិស័យធុរកិច្ចនិងសេដ្ឋកិច្ចតំបន់ឡើងវិញ។
៧. កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ីបូព៌ា(EAS) លើកទី ៨
កិច្ចប្រជុំបានស្វាគមន៍គំនិតផ្តួចផ្តើមថ្នាក់តំបន់ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ តាមរយៈការបង្កើត
មូលនិធិឆ្លើយតបនឹងកូវីដ-១៩របស់អាស៊ាន ក៏ដូចជាការងារឆ្ពោះទៅរកការបង្កើតការបម្រុងទុកបរិក្ខារវេជ្ជសាស្ត្រក្នុងតំបន់អាស៊ាននិងនីតិវិធីប្រតិបត្តិការស្តង់ដារសម្រាប់ការឆ្លើយតបនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។ កិច្ចពិគ្រោះយោបល់ក៏បានបង្ហាញពីការគាំទ្រដល់ការធ្វើកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។
៨. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី៩
កិច្ចពិគ្រោះយោបល់បានអនុម័តលើផែនការការងារសេចក្តីប្រកាសរួមស្តីពីពាណិជ្ជកម្មនិងវិនិយោគ (JDTI) ឆ្នាំ ២០២១-២០២៥ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់
តែស៊ីជម្រៅនិងទូលំទូលាយ។ កិច្ចពិគ្រោះយោបល់ក៏បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយពាណិជ្ជកម្មអាស៊ាន - កាណាដាលើកទី ៤ ដែលបានធ្វើឡើងនៅថ្ងៃទី ៨-១២ ខែមិថុនាឆ្នាំ ២០២០ ដោយផ្តោតលើវិស័យចំនួន ៤ គឺលទ្ធកម្មរដ្ឋាភិបាល បរិស្ថាន ការងារ និងសហគ្រាសគ្រប់គ្រងដោយរដ្ឋ ( SOEs) ។ កិច្ចពិគ្រោះយោបល់បានជម្រុញភាគីទាំងពីរឱ្យបន្តពិភាក្សាពីជំហានបន្ទាប់ដើម្បីពិនិត្យលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កាណាដា។
៩. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី២៥
កិច្ចពិគ្រោះយោបល់បានអបអរសាទរចំពោះការអនុវត្តពេញលេញនៃកម្មវិធីកាត់បន្ថយពន្ធគយ និងវិធានជាក់លាក់នៃផលិតផលឆ្នាំ ២០១៧ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន--អូស្ត្រាលី-នូវែលសេឡង់ ( AANZFTA)។ កិច្ចពិគ្រោះយោបល់ក៏បានជម្រុញមន្ត្រីជំនាញពន្លឿនលើការធ្វើបច្ចុប្បន្នភាព AANZFTA ដើម្បីឈានទៅបញ្ចប់ការចរចាលើពិធីសារទី២ ធ្វើវិសោធនកម្ម AANZFTA។
១០. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ឥណ្ឌា លើកទី១៧
កិច្ចពិគ្រោះយោបល់បានឯកភាពបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដូចជាការថែទាំសុខភាព ការចាប់ផ្តើមអាជីវកម្មនិងបច្ចេកវិទ្យា ការតភ្ជាប់ ការផ្តល់សិទ្ធិដល់ស្ត្រីនិងយុវជន ក៏ដូចជាការអភិវឌ្ឍជំនាញ។
១១. កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-កូរ៉េ លើកទី១៧
កិច្ចពិគ្រោះយោបល់បានឯកភាពលើការពង្រឹងសេរីភាវូបនីយកម្មផលិតផលទំនិញបន្ថែមទៀតនៅក្នុងបញ្ជីរសើប (ST) ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កូរ៉េ ក្រោយពេល RCEP ត្រូវបានចុះហត្ថលេខា។ កិច្ចពិគ្រោះយោបល់ក៏បានស្វាគមន៍ចំពោះការអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធភាពក្រោមកម្មវិធីប្រឹក្សានិងដំណោះស្រាយ
បច្ចេកវិទ្យាពីប្រទេសកូរ៉េ (TASK) ក្នុងឆ្នាំ ២០២០ ដោយបានជួយកែលម្អផលិតភាពក៏ដូចជាគុណភាពនិងស្តង់ដារនៃផលិតផល និងផ្តល់ឱកាសដល់ឧស្សាហកម្មក្នុងតំបន់អាចទទួលបានចំណេះដឹងពីបច្ចេកវិទ្យារបស់អ្នកជំនាញ
កូរ៉េ។ កិច្ចពិគ្រោះយោបល់ក៏បានគាំទ្រនិងកត់សម្គាល់ពីវឌ្ឍនភាពលើការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន-កូរ៉េ និងមជ្ឈមណ្ឌលស្រាវជ្រាវស្តង់ដារអាស៊ាន-កូរ៉េ ផងដែរ។