រដ្ឋមន្ត្រីពាណិជ្ជកម្ម អញ្ជើញទស្សនាផ្សារចុងសប្ដាហ៍ខេត្តបាត់ដំបង ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករ
ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ១០:០១ នាទី យប់
👁 0
(បាត់ដំបង)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអញ្ជើញទស្សនាផ្សារចុងសប្ដាហ៍នៅខេត្តបាត់ដំបង ដើម្បីពិនិត្យ និងគាំទ្រផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករ ដែលបានយកមកដាក់លក់នៅទីផ្សារ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យើងត្រូវអនុវត្តឱ្យបានខ្ចប់ខ្ជួននូវវិធានការណ៍ និងយុទ្ធសាស្រ្តចាំបាច់នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាពិសេសត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះជំរុញផលិតកម្មកសិកម្ម រួមមាន ការចិញ្ចឹមសត្វ ផលិតកម្មដំណាំស្រូវ និងដាំដំណាំផ្សេងៗទៀត ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារជូនកសិករខ្នាតតូចដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំថា ដើម្បីឆ្លើយតបជាបន្ទាន់ទៅនឹងបញ្ហាចំពោះមុខនេះ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) ត្រូវកៀរគរស្ថាប័នពាក់ព័ន្ធនានា និងខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បីធ្វើឱ្យខ្សែច្រវ៉ាក់តម្លៃឱ្យដំណើរការល្អប្រសើរ និងត្រូវបង្កើតផ្សារចុងសប្ដាហ៍នៅតាមខេត្តគោលដៅនីមួយៗ ដើម្បីផ្សព្វផ្សាយលក់ផលិតផលកសិ-ពាណិជ្ជកម្ម ដែលដាំដុះ និងចិញ្ចឹមដោយកសិករផ្ទាល់ ជាពិសេសលើកស្ទួយវិបុលភាពកសិករខ្នាតតូចតាមរយៈការបង្កើនផលចំណេញកាន់តែច្រើនដោយតភ្ជាប់កសិ-ពាណិជ្ជកម្ម និងទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារមន្ទីរពាណិជ្ចកម្មខេត្តនីមួយៗ ធ្វើយ៉ាងណាខិតខំជួយដុតដៃដុតជើងគាំទ្រឱ្យផ្សារចុងសប្តាហ៍ដែលកំពុងលក់ដូរនេះឱ្យមានចីរភាព។ ដោយឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការលក់បន្លែមាន់សាច់នៅផ្សារចុងសប្ដាហ៍នេះ ក្រៅពីផ្តល់ប្រាក់ចំណូលបន្ថែមដល់បងប្អូនកសិករ ក៏ធ្វើឱ្យអ្នកប្រើប្រាស់អាចជួបប្រាស័យទាក់ទងជាមួយកសិករផ្ទាល់ និងទិញកសិផលដែលមានប្រភពច្បាស់លាស់។ នៅថ្ងៃខាងមុខយើងខ្ញុំចង់ឃើញបងប្អូនទាំងអស់ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញមានប្រាក់កាន់តែច្រើន! នោះហើយគឺជាគោលបំណងចម្បងនៃគម្រោងរបស់យើង» ។
សូមបញ្ជាក់ថា ផ្សារចុងសប្ដាហ៍ជាសកម្មភាពចម្បងមួយ នៃសកម្មភាពនានារបស់គម្រាងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) និងជាយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅលើទីផ្សារ និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចនៅតាមមូលដ្ឋាន តាមរយៈការធ្វើកសិ-ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារនៅក្នុងនិងក្រៅតំបន់។ មកដល់បច្ចុប្បន្ននេះ គម្រោងអេមស៍បើកដំណើរការសាកល្បងផ្សារចុងសប្ដាហ៍បានចំនួន ១២ខេត្តហើយ។ ផ្សារដែលបើកមុនគេ គឺផ្សារចុងសប្ដាហ៍នៅខេត្តសៀមរាប ដែលបើកលក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ និងមានការលក់ដូរបានល្អប្រសើរហូតមក។ គម្រោងអេមស៍មានផែនការបន្តបើកផ្សារដូចនេះ នៅបណ្ដាខេត្តគោលដៅផ្សេងទៀត និងរាជធានីភ្នំពេញនៅពេលឆាប់ៗនេះ៕