ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ
ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៦:៤៦ នាទី ល្ងាច
👁 0
(ភ្នំពេញ)៖ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ងី ច័ន្ត្រផល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពីកាតព្វកិច្ចរបស់វិស័យឯកជនក្នុងការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ និងទី០៨ ខែកញ្ញា ឆ្នាំ២០២០ នាទីស្តីការក្រសួងពាណិជ្ជកម្មជូនដល់វិស័យឯកជនដែលមានការចូលរួមពី សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EUROCHAM) សមាជិកសភាពាណិជ្ជកម្មកម្ពុជា (CCC) អ្នកតំណាងស្របច្បាប់ និងសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ប្រមាណ ១៥៥ នាក់។
នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការវិនិយោគ និងការអភិវឌ្ឍសង្គម មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពទាំងអស់នេះឡូកឡំគ្នា ទៅនឹងសកម្មភាពដែលមានការជ្រៀតចូលទៅនឹងហិរញ្ញប្បទានដែលយកមកប្រើប្រាស់ពង្រីកសកម្មភាពនានាទាក់ទៅនឹងការបង្កើនអាវុធប្រល័យលោក។ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ ដែលមានការចង្អុលបង្ហាញពីសម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានជម្រុញនូវ លិខិតបទដ្ឋានច្បាប់ក៏ដូចជាច្បាប់ថ្មីនេះឡើង ហើយបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិផ្សេងៗដើម្បីគ្រប់គ្រងនូវស្ថិរភាពសេដ្ឋកិច្ចសង្គម។
ដូចនេះហើយ ក្រសួងពាណិជ្ជកម្ម ដោយយល់ឃើញនូវសារសំខាន់នៃច្បាប់នេះពាក់ព័ន្ធនឹងវិស័យឯកជន បានរៀបចំសិក្ខាសាលានេះឡើងដោយមានការចូលរួមពន្យល់បកស្រាយពីអ្នកជំនាញរបស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណង គឺដើម្បីបង្កើនការយល់ដឹងជូនដល់វិស័យឯកជនដើម្បីធានា និងចៀសវៀងពីសកម្មភាព ឬការចូលរួមដោយផ្ទាល់ ឬដោយប្រយោល លើការផ្តល់ បង្វែរ និង/ឬ ទទួលហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដែលអាចនាំឲ្យក្រុមហ៊ុនទទួលរងនូវផលប៉ះពាល់នានាជាពិសេសដល់ផ្នែកហិរញ្ញវត្ថុនិងការវិនិយោគរបស់ក្រុមហ៊ុន ឬទណ្ឌកម្មនានាដូចមានកំណត់ក្នុងច្បាប់។
ឯកឧត្តម ងី ច័ន្ត្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបង្ហាញពីហេតុផលសំខាន់ៗ២នៃការបង្កើតច្បាប់នេះគឺ៖(១.) ការរៀបចំនូវច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនេះជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌផ្សេងទៀតដើម្បីឲ្យកម្ពុជារួចផុតពីបញ្ជីប្រផេះ។ (២.) ការរៀបចំច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យនេះ ជាកាតព្វកិច្ចរបស់កម្ពុជាដែលត្រូវផ្សព្វផ្សាយបន្ថែមជាប្រព័ន្ធអំពីសេចក្តីជូនដំណឹងនិងសេចក្តីសម្រេចនានារបស់អង្គការសហប្រជាជាតិក្នុងនាមកម្ពុជាជាសមាជិក។
លោកក៏បានលើកឡើងបន្ថែមថាច្បាប់នេះដែលនឹងចូលរួមចំណែកក្នុងការជួយរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ស្របតាមការកំណត់របស់ក្រុមការងារហិរញ្ញវត្ថុ ក៏ដូចជាសហគមន៍អន្តរជាតិនានាផងដែរ។ អាស្រ័យហេតុនេះ ឯកឧត្តមសូមលើកទឹកចិត្ត លោកឧកញ៉ា លោក លោកស្រីជាម្ចាស់ ឬតំណាងក្រុមហ៊ុន និងសហគ្រាសឯកជនទាំងអស់ ដែលមានវត្តមាន ក្នុងសិក្ខាសាលានេះ មេត្តាត្រងត្រាប់ស្តាប់ការបកស្រាយខ្លឹមសារនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ខ្លឹមសារនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកាតព្វកិច្ច របស់វិស័យឯកជនក្នុងការអនុវត្តច្បាប់នេះ។