ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាស្វាគមន៍គម្រោងឌីជីថលទាក់ទងនឹងវិស័យពាណិជ្ជកម្ម ដើម្បីសម្រេចបានគោលដៅបង្កើតសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខ
ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ០៤:០៨ នាទី រសៀល
👁 0
នៅវេលាម៉ោង ០២:០០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើជាអធិបតីបើកវេទិការពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរ៉ូយ៉ាល់គ្រុប (Royal Group)។ វេទិការនេះមានការចូលរួមដោយក្រុមការងារជំនាញរបស់រ៉ូយ៉ាល់គ្រុប និងមន្ត្រីពាក់ព័ន្ធ។
នៅក្នុងវេទិការនេះ ក្រុមការងារក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនមួយក្នុងសម្ព័ន្ធរ៉ូយ៉ាល់គ្រុប បានធ្វើបទបង្ហាញស្តីពី គម្រោងតំបន់ពាណិជ្ជកម្មសេរីឌីជីថល (Digital Free Trade Zone – DFTZ) ដែលជាគម្រោងកិច្ចសម្រួលពាណិជ្ជកម្មមួយ អាចជួយគ្រប់គ្រង ផ្ទុកទុក និងវិភាគទិន្នន័យដែលគ្មានក្រដាសស្នាមប្រកបដោយសុក្រឹតភាពខ្ពស់ ភាពប្រាកដប្រជា និងការចំណាយតិច សម្រាប់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ លើសពីនេះ គម្រោងនេះក៏នឹងផ្តល់ផលប្រយោជន៍ដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបានគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣។
ជាការឆ្លើយតប ឯកឧត្តម សុខ សុភ័ក្ត្រ បានបង្ហាញការស្វាគមន៍ចំពោះគម្រោងដ៏មានសារៈប្រយោជន៍នេះ តែតម្រូវឱ្យមានការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាមុនសិន។ ឯកឧត្តមរដ្ឋលេខាធិការក៏បានរំលេចពីដំណើរការរបស់កម្ពុជាក្នុងការឈានទៅសម្រេចបានសេដ្ឋកិច្ចបែបឌីជីថល តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចសម្រួលពាណិជ្ជកម្មដោយគ្មានក្រដាសស្នាមឆ្លងកាត់ព្រំដែននៅអាស៊ីនិងប៉ាស៊ីហ្វិក កាលឆ្នាំ២០១៧ ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ាន កាលពីឆ្នាំ២០១៩ ព្រមទាំងការដាក់ឱ្យដំណើរការគម្រោងបញ្ជរតែមួយជាតិកម្ពុជា អនុលោមតាមផែនការបញ្ជរតែមួយអាស៊ាន លនិងល។
លើសពីនេះ ឯកឧត្តមក៏បានលើកឡើងពីកំណែទម្រង់របស់ក្រសួងពាណិជ្ជកម្មកម្ពុជាមួយចំនួន ពិសេសការដាក់ឱ្យដំណើរការការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ការធ្វើស្វ័យប្រវត្តិកម្មក្នុងការស្នើសុំវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ និងការបង្កើតច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លនិងល។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់ក្រុមការងារក្រុមហ៊ុន EZECOM សម្រាប់ការធ្វើបទបង្ហាញនេះ ហើយជំរុញអោយមានបទបង្ហាញបែបនេះជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សម្រាប់ការយល់ដឹងបានកាន់តែទូលាយពីគម្រោងនេះ