ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ១២:១៣ នាទី ថ្ងៃត្រង់
👁 0
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) ឆ្នាំសិក្សា២០២០-២០២១ ជួយផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគ នៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ទៅដល់និស្សិតបរទេស និងប្រជាជនជប៉ុន ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។
សំណើនេះត្រូវបានលើកឡើងនាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS) កាលពីរសៀលថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីបេក្ខជនជ័យលាភីចំនួន ២៤រូប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្មជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនជ័យលាភីក្នុងការចូលរួមការប្រកួតប្រជែងអាហារូបករណ៍រហូតទទួលបានជោគជ័យក្លាយជាជ័យលាភី និងផ្តល់សារដល់បេក្ខជនជ័យលាភីទាំងអស់ថា «ក្មួយៗទាំងអស់ ត្រូវចេះផ្សព្វផ្សាយអំពីសមិទ្ធផល និងភាពរីកចម្រើនរបស់ប្រទេសជាតិ ទៅកាន់មជ្ឈដ្ឋានខាងក្រៅ ហើយត្រូវចេះបំផុសឱ្យប្រជាជន និងវិនិយោគិនជប៉ុន ចូលមកទស្សនា និងបណ្តាក់ទុនកាន់តែច្រើន នៅក្នុងប្រទេសយើង។ លើសពីនេះ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ ស័ក្តិសមជាយុវជន និងយុវនារី តំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ ជាមួយនិស្សិតជប៉ុននិងនិស្សិតមកពីប្រទេសផ្សេងៗ»។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចផងដែរនូវសមិទ្ធផលការងារសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបានកន្លងមក ដោយការអនុវត្តកម្មវិធីកំណែទម្រង់ និងគោលនយោបាយដ៏មានប្រសិទ្ធភាពជាច្រើន ដូចជាការធ្វើប្រតិភូកម្មជូនទៅបណ្តាខេត្តជាប់ព្រំដែនចំនួន ១៦ មានសិទ្ធិចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (CO Form D) ដើម្បីនាំចេញកសិផលទៅតំបន់អាស៊ីអាគ្មេយ៍, ការធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មខេត្តអាចមានសិទ្ធិអំណាចក្នុងការរៀបំពិព័រណ៍នៅតាមខេត្ត, ការធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតអាជីវកម្ម និងសេវាកម្ម, ការធ្វើប្រតិភូកម្មឱ្យមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យប្រកបមុខរបរលោហ ធាតុត្បូងថ្មមានតម្លៃ គ្រឿងអលង្ការគ្រប់ប្រភេទ និងការបិទស្លាកទំនិញជារូបិយប័ណ្ណនៅតាមទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលសំខាន់មូួយទៀត គឺការរៀបចំក្រុមការងារចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានចំនួន ៨ ក្រុមទទួលបន្ទុកប្រទេស រួមមាន៖ ចិន ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ហើយយើងទើបតែសម្រេចបាននូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលត្រូវបានបញ្ចប់ដោយជោគជ័យ នឹងត្រៀមចុះហត្ថលេខានាពេលឆាប់ៗខាងមុននេះ។
ជាការអបអរសាទ និងលើកទឹកចិត្តដល់បេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍធនធានមនុស្សរបស់ប្រទេសជប៉ុន (JDS)ទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថមថវិការមួយចំនួន និង ជូនពរដល់បេក្ខជនជ័យលាភីទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា និងខិតខំប្រឹងប្រែងសិក្សា ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជាថ្មីៗ និងបទពិសោធន៍ល្អៗ ដើម្បីវិលត្រឡប់មកចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាល នាពេលអនាគត។
សូមជម្រាបថា កម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ជប៉ុន (JDS) គឺជាគម្រោងជំនួយឥតសំណង សម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្ស ផ្តួចផ្តើមឡើង ដោយ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០០០ ដើម្បីផ្តល់ឱកាសជូនមន្ត្រីរាជការ វ័យក្មេង របស់កម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗនៅតាមសាកល វិទ្យាល័យល្បីៗក្នុ ងប្រទេសជប៉ុន គិតមកដល់ឆ្នាំ ២០២០នេះ មាននិស្សិតកម្ពុជាចំនួន ៤១៦នាក់ហើយ ដែលបានទទួលអាហារូបករណ៍នេះ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣