ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៥:៣៦ នាទី យប់
👁 28
(រាជធានីភ្នំពេញ)៖ កាលពីសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក David Bloch លេខាទូតទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានជួបប្រជុំទ្វេភាគីតាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាគ្នាក្នុងការដាក់ធាតុចូលក្នុងការព្រាងរៀបចំកម្មវិធីអភិបាលកិច្ចសេដ្ឋកិច្ច និងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កម្ពុជា។
កិច្ចប្រជុំនេះ មានគោលបំណងពិគ្រោះយោបល់ និងសិក្សាអំពីតម្រូវការ ក៏ដូចជាការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយអូស្ត្រាលី ដោយរៀបចំបញ្ចូលតម្រូវការ និងការងារអាទិភាពរបស់ក្រសួងពាណិជ្ជកម្មទៅក្នុងកម្មវិធីថ្មី ដែលមានឈ្មោះថា “កម្មវិធីអភិបាលកិច្ចសេដ្ឋកិច្ច និងគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធ” ក្នុងជំនួយដែលមានទឹកប្រាក់ប្រមាណ ៨៥-១២០ លានដូល្លារអូស្រ្តលី សម្រាប់រយៈពេល ៦ឆ្នាំ។ កម្មវិធីថ្មីនេះនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ ដូចជា ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ចឌីជីថល កសិកម្ម កសិ-ឧស្សាហកម្ម យេនឌ័រ និងបរិយាប័ន្ន។
ក្នុងកិច្ចប្រជុំទ្វេភាគីនេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម សូមអរគុណដល់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលតែងតែផ្តល់ការគាំទ្រជាហិរញ្ញប្បទាន និងធនធានបច្ចេកទេស ក្នុងការចូលរួមអភិវឌ្ឍរបស់ប្រទេសកម្ពុជាកន្លងមក។ លោកជំទាវរដ្ឋលេខាធិការ បានលើកបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្មរួមមាន ច្បាប់កិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងសមិទ្ធផលនៃការអនុវត្តគម្រោងដែលមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដូចជា យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោង Go4eCAM។
លោកជំទាវរដ្ឋលេខាធិការ ក៏បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងពាណិជ្ជកម្ម ដែលស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាអាចផ្តល់ការគាំទ្រក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលីដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរក្សាធានាបាននូវសមត្ថភាពប្រគួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការអភិវឌ្ឍប្រកបដោយចីរភាព និងក្របខ័ណ្ឌច្បាប់នានា ដូចជា ក្នុងការគាំទ្រដល់ការកសាងស្ថាប័ន និងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់នានាក្របខ័ណ្ឌក្រសួងពាណិជ្ជកម្មផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣