ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៤:២៣ នាទី រសៀល
👁 21
ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ដែលនឹងបញ្ចប់អាណត្តិបេសកកម្មការទូត
…
(រាជធានីភំ្នពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលាខណៈដែលលោកជំទាវបានបញ្ចប់អាណត្តិកបេសកកម្មការទូតនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងថ្លែងអំណរគុណចំពោះបេសកកម្មការទូតដ៏មានតម្លៃ របស់លោកជំទាវ ក្នុងកិច្ចការពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-បារំាង គាំទ្រវិស័យធុរកិច្ច និងបានជំរុញឱ្យមានការវិនិយោគពីបារាំងមកកម្ពុជា នាអំឡុងអណត្តិរបស់លោកជំទាវ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ បន្ថែមពីនេះទៀត ឯកឧត្តម បានបង្ហាញពីការត្រៀមខ្លួចរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន៖ ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។
ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ន នាពេលកន្លងមក។ លោកជំទាវ បានថ្លែងអំណរគុណជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្ដី សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា និងបានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ បារាំងនៅតែបន្តជាទីផ្សារនាំចេញទំនិញដ៏សំខាន់មួយរបស់កម្ពុជា ដែលក្នុងនោះទំហំពាណិជ្ជកម្មកម្ពុជា-បារាំងនៅឆ្នាំ២០២០ សម្រេចបានចំនួន ៤៥៦ លានដុល្លារអាមេរិក និងគិតត្រឹមខែមេសា ឆ្នាំ២០២១ មានចំនួន ១៥៧ លានដុល្លារអាមេរិក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣